ភ្នំពេញៈ ទីបំផុតបុរសម្នាក់ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរសរិះគន់ក្នុងពេលកំពុងតែធ្វើការឡាយផ្ទាល់លក់ផលិតផលរក្សាសម្រស់ជាទម្លាប់របស់អតីតតារាចម្រៀងអ្នកនាង យ៉ុង ចាន់កន្និកា នោះបានយល់ព្រមចេញមុខសុំទោសជាសាធារណៈហើយ ក្រោយពីមានការព្រមានពីសំណាក់ស្វាមីរបស់នាងមកនោះ។
ការចេញមកសុំទោសពីបុរសរូបនេះ បានធ្វើឡើង បន្ទាប់ពីស្វាមីរបស់អ្នកនាង យ៉ុង ចាន់កន្និកា បានធ្វើការព្រមានជាសាធារណៈមួយទៅកាន់បុរសនេះ ជុំវិញការជេរប្រមាថខាងលើ មុនពេលដែលលោកចាត់វិធានការតាមផ្លូវច្បាប់។
ស្វាមីរបស់អ្នកនាង យ៉ុង ចាន់កន្និកា ដែលត្រូវបានគេស្គាល់ថា គឺជាមន្ត្រីប៉ូលិសថ្នាក់ឧត្តមសេនីយ៍មួយរូប នៅក្រសួងមហាផ្ទៃ បានធ្វើការប្រកាសតាមរយៈហ្វេសប៊ុករបស់ខ្លួនទៅកាន់គណនេយ្យហ្វេសប៊ុកបុរសម្នាក់មានឈ្មោះថា sokvuthy chean ឲ្យចេញមុខសុំទោសភរិយារបស់លោកក្នុងអំឡុងរយៈពេល៣ ថ្ងៃ ជុំវិញការប្រើប្រាស់ពាក្យពេចន៍ប្រមាថមួយនេះ។
បន្ទាប់ពីបានឃើញសារព្រមានពីស្វាមីរបស់អ្នកនាង យ៉ុង ចាន់កន្និកា នោះ បុរសជាម្ចាស់ហ្វេសប៊ុកខាងលើនេះ បានយល់ព្រមចេញមុខមកសុំទោសទៅកាន់អតីតតារាចម្រៀងរូបនេះ ឆ្លើយតបទៅតាមការចង់បានពីស្វាមីរបស់នាងភ្លាមៗផងដែរ។
បុរសជាម្ចាស់ហ្វេសប៊ុកនោះ បានសរសេរសារសុំទោសជាសាធារណៈថា ៖ «ជូនដល់បងស្រី យ៉ុង ចាន់កន្និកា និងបង chan chamnan (ស្វាមី) ដោយយោងតាមសារលើហ្វេសប៊ុកផេករបស់បង ដោយប្រើពាក្យអសុរសដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងភាពថ្លៃថ្នូររបស់បងនោះឱ្យប្អូនសុំអភ័យទោសយ៉ាងជ្រាលជ្រៅអស់ពីចិត្ត ដោយហេតុហួសវិស័យដែលប្អូនធ្វេសប្រហែស បណ្តាលឱ្យជនអាណាមិកចូលមកធ្វើប្រតិបត្តិកាផ្តេសផ្តាសធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបងទាំងពីរ ហើយប្អូនទើបនឹងបានដឹងពេលឃើញបងបង្ហោះសារនឹងឯង ។ ដោយយោងតាមកម្មវត្ថុខាងលើ សូមបងមេត្តាអភ័យទោសដោយអនុគ្រោះ ប្អូនសង្ឃឹមថាបងទាំងពីរនឹងយល់ ហើយអធ្យាស្រ័យដល់ប្អូន»។
ក្រោយឃើញសារសុំទោសពីបុរសខាងលើនេះ ស្វាមីរបស់អ្នកនាង យ៉ុង ចាន់កន្និកា ក៏បានធ្វើការឆ្លើយតបទៅវិញថា ៖ «មិនថាហេតុផលបែបណា តែបងប្រុសគាត់បានទទួលខុសត្រូវខ្ពស់។ ខ្ញុំនឹងបញ្ចប់រឿងនេះ ហើយក៏សូមអរគុណ បងប្អូន មិត្តភ័ក្កទាំងអស់ ដែលបានចុច like and comment ចូលក្នុងការផុសក្នុងអាខោនហ្វេសបុករបស់ខ្ញុំ ទាំងការគាំទ្រ និងការរិ:គន់ក្នុងន័យស្ថាបនា»។
ឯអតីតតារាចម្រៀងអ្នកនាង យ៉ុង ចាន់កន្និកា វិញ ក៏បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនផងដែរថា ៖«អគុណបងប្រុសសម្រាប់ការសុំទោសជាសាធារណៈ អរគុណបង សូមបងប្អូនប្រុងប្រយ័ត្នឱ្យបានខ្ពស់សម្រាប់អាខោនផ្ទាល់ខ្លួន កុំឱ្យមានបញ្ហាត្រូវគេហេកដូចបងប្រុសទៀត»។
ជាការកត់សម្គាល់នោះ មិនមែនជាលើកទីមួយទេ ដែលអតីតារាចម្រៀង និងជាម្ចាស់បទ «វាចាស្រីឡង់សេ» អ្នកនាង យ៉ុង ចាន់កន្និកា ត្រូវបានទទួលរងនូវការជេរប្រមាថបែបនេះ ពោលកន្លងមកនាងក៏ធ្លាប់ទទួលការរិះគន់ផងដែរ ជុំវិញការ Live លក់ផលិតផល ដែលមហាជនទាំងនោះយល់ថា មានការស្លៀកពាក់មិនសមរម្យ៕