និស្សិត ហុង ភារិន មាន​បំណង​ចូលរួម​ប្រកួត​សមត្ថភាព​នៃការ​ចងចាំ​លំដាប់ថ្នាក់​ពិភពលោក ដើម្បីបង្ហាញពី​សមត្ថភាព​កូនខ្មែរ

និស្សិត ហុង ភារិន បាន​បញ្ជាក់​ថា លោក​មាន​បំណង​ចូលរួម​ប្រកួត​សមត្ថភាព​នៃការ​ចងចាំ​លំដាប់ថ្នាក់​ពិភពលោក ដែលនឹង​ប្រពឹត្ត​ទៅ​នៅខែធ្នូ​ខាងមុខ​នេះ នៅប្រទេសចិន​ក្នុងគោលបំណង​បង្ហាញពី​សមត្ថភាព​កូនខ្មែរ និង​ទង់ជាតិខ្មែរ នៅក្នុង​ការប្រកួតប្រជែង​លំដាប់ថ្នាក់​ពិភពលោក​នេះ។

ការ​បញ្ជាក់​ខាងលើនេះ ធ្វើឡើង​ក្នុងពេលដែល​ ហុង ភារិន បានចូលជួបសំណេះសំណាល​ជាមួយ​ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង។

សូម​ជម្រាប​ថា នាពេលថ្មីៗ​នេះ និសិ្សត​ឆ្នើម ហុង ភារិន បានបង្ហាញ​អំពី​សមត្ថភាព និងទេពកោសល្យ​នៃការចងចាំ​របស់ខ្លួន​នៅក្នុង​កម្មវិធី​បញ្ចេញ​សមត្ថភាព​របស់​ទូរទស្សន៍​ថៃ « Super 100» ដោយ​ទទួលបាន​ការកោត​សរសើរ និងគាំទ្រ​យ៉ាងខ្លាំង​ពីគណៈកម្មការ ក៏ដូចជា​មហាជន​ជាច្រើន ទាំងក្នុង​ប្រទេស និងក្រៅប្រទេស ហើយត្រូវបាន​មហាជន​ទូទៅ​ប្រសិទ្ធនាម និស្សិត ហុង ភារិន ជាអច្ឆរិយ​កម្ពុជា ភារិន ទៀតផង។

ជាកូនទី២ ក្នុងចំណោម​បងប្អូនប្រុស​២នាក់ និស្សិតឆ្នើម ហុង ភារិន មាន​អាយុ២៣ឆ្នាំ មានទីកន្លែង​កំណើត​នៅភូមិថ្នល់​បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្ត​កំពង់ចាម។ ដោយស្ថិត​នៅក្នុងគ្រួសារ​កសិករ​ដែលមាន​ជីវភាព​លំបាក ដោយសារ​ឪពុក​ម្តាយ បាន​លែងលះ​គ្នា ភារិន បានខិតខំ​តស៊ូ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួលបាន​អាហារូបករណ៍​ព្រះរាជទាន​ថ្នាក់​បរិញ្ញាបត្រ ប្រចាំ​សាកលវិទ្យាល័យ​រ៉ាឆាផាត់ឆៃយ៉ាភូមិ ឯកទេស​អភិវឌ្ឍន៍​ជនបទ។ ក្តីសុបិន្ត​របស់និស្សិត​ឆ្នើមថ្នាក់​បរិញ្ញាបត្រឆ្នាំទី៤​រូបនេះ គឺចង់យក​ចំណេះដឹង​ដែលខ្លួនបាន​ខិតខំរៀនសូត្រ​មកអភិវឌ្ឍប្រទេស​ជាតិ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ