សហរដ្ឋអាមេរិចនឹងធ្វើការដកទ័ពចំនួន ៥.៤០០នាក់ចេញពីប្រទេសអាហ្គានីស្ថានក្នុងរយៈពេល ២០សប្តាហ៍ ក្រោយសម្រេចកិច្ចព្រមព្រៀងជាគោលការណ៍ជាមួយនឹងក្រុមសកម្មប្រយុទ្ធតាលីបង់។ នេះបើតាមការបញ្ជាក់របស់អ្នកចរចាជាន់ខ្ពស់របស់អាមេរិចឈ្មោះ Zalmay Khalilzad។
លោក Zalmay Khalilzad បានលាតត្រដាងពីកិច្ចព្រមពៀងជាមួយនឹងក្រុមតាលីបង់ នៅក្នុងកិច្ចសម្ភាសន៍តាមទូរទស្សន៍។
លោកថ្លែងថា ការសម្រេចចុងក្រោយនឹងស្ថិតនៅលើប្រធានាធិបតី ដូណាល់ ត្រាំ។
ក្នុងអំឡុងកិច្ចសម្ភាសន៍ ក៏មានការផ្ទុះកើតឡើងនៅទីក្រុងកាបុល។ ក្រុមតាលីបង់បាននិយាយថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនោះ ដែលផ្តាច់ជីវិតជនស៊ីលវិលយ៉ាងតិច ៥នាក់ និងរបួសជាច្រើននាក់។
ការវាយប្រហារនោះបានបង្ហាញការព្រួយបារម្ភថា ការចរចារបស់អាមេរិចជាមួយនឹងក្រុមតាលីបង នឹងមិនអាចបញ្ចប់អំពើហឹង្សាដែលកើតមានរាល់ថ្ងៃក្នុងប្រទេសអាហ្គានីស្ថានបាននោះទេ។
បច្ចុប្បន្ន ក្រុមសកម្មប្រយុទ្ធតាលីបង់ បានកាន់កាប់តំបន់យ៉ាងច្រើន និងបដិសេធធ្វើការចរចាជាមួយនឹងរដ្ឋាភិបាលអាហ្គានីស្ថាន ដែលក្រុមនេះចាត់ទុកថាជាអាយ៉ាងរបស់អាមេរិច។
សូមបញ្ជាក់ថា ទម្រាំបង្កើតកិច្ចព្រមព្រៀងជាមួយនឹងក្រុមតាលីបង់ អាមេរិចបានធ្វើការចរចាជាមួយនឹងក្រុមនេះចំនួន ៩ដង ដែលការចរចានោះត្រូវបានធ្វើឡើងនៅប្រទេសកាតា។
ដើម្បីជាថ្នូរនឹងការដកទ័ពអាមេរិចចេញ ក្រុមតាលីបង់បានធ្វើការអះអាងថា ខ្លួននឹងលែងប្រើប្រទេសអាហ្គានីស្ថានធ្វើជាមូលដ្ឋានយោធាដើម្បីវាយប្រហារអាមេរិច និងសម្ព័ន្ធមិត្តអាមេរិចទៀតហើយ។
អ្នកចរចារអាមេរិចថ្លែងថា “ពួកយើងបានព្រមព្រៀងថា ប្រសិនជាស្ថានភាពដំណើរការស្របតាមកិច្ចព្រមព្រៀង ពួកយើងនឹងចាកចេញពីមូលដ្ឋានចំនួន ៥ក្នុងរយៈពេល ១៣៥ថ្ងៃ”។
អ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានបញ្ជាក់ប្រាប់ BBC ថាអ្វីដែលលោក Zalmay Khalilzad បានថ្លែងគឺត្រឹមត្រូវ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ទ័ពអាមេរិចចំនួន ១៤.០០០កំពុងឈរជើងនៅក្នុងប្រទេសអាហ្គានីស្ថាន៕