អ្នកប្រដាល់គុនចម្រុះល្បីឈ្មោះនៅកម្ពុជា និងលើឆាកអន្តរជាតិ ចាន់ រតនា លើកឡើងពីទឹកចិត្ត រួមនិងការលះបង់ពេលវេលាកម្លាំងកាយចិត្តរបស់ប្រពន្ធមកលើខ្លួន ទម្រាំជម្នះឧបសគ្គផ្សេងៗមានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃ។
ជើងខ្លាំងប្រចាំសង្វៀន ONE ខាងលើនេះបានឲ្យដឹងថា មានថ្ងៃនេះគឺបានការជួយជ្រោមជ្រែងច្រើនណាស់ពីប្រពន្ធរបស់ខ្លួន ក្នុងនោះរួមមានជួយឲ្យស្គាល់មិត្តភ័ក្ដិល្អៗមួយចំនួនរហូតអាចឈានជើងចូលប្រកួតនៅ ONE Championship ដល់សព្វថ្ងៃ។ ក្រៅពីនេះទៀតនោះ ប្រពន្ធអ្នកប្រដាល់រូបនេះតែងតែជួយផ្ដល់យោបល់គ្រប់ពេល តែងលើកទឹកចិត្តជានិច្ច ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។
ទន្ទឹមនិងទង្វើល្អរបស់ភរិយាបែបនេះ ចាន់ រតនា ថាខ្លួនមានជាការទប់ស្នងវិញដែរ គឺមានក្លឹបប្រដាល់មួយត្រឹមត្រូវ មានកេរ្តិ៍ឈ្មោះម្នាក់ដែរក្នុងវិស័យប្រដាល់ និងមិនធ្វើឲ្យការខំប្រឹងប្រែងរបស់ប្រពន្ធអស់សង្ឃឹមនោះឡើយ។
ចំណែកអ្នកស្រី Coupon Cindy ក៏បានឲ្យដឹងដែរថា មួយរយៈពេលចុងក្រោយនេះ គឺតែងតែទៅជួយប្ដីជានិច្ចក្នុងការប្រកួតលើសង្វៀន ONE ព្រោះអាចជួយការងារបានច្រើន ដូចជាបកប្រែ និងលើកទឹកចិត្តប្រាប់ពីចំណុចខ្វះខាត់ជាដើម។ ចំណុចមួយទៀតនោះ គឺបើនៅឆ្ងាយពីប្ដី មានការបារម្ភច្រើន ប៉ុន្តែបើបាននៅជិន ឬឃើញផ្ទាល់បែបនេះលែងសូវអីហើយ។
ភរិយាដែលមានដើមកំណើតពីបារាំងរូបនេះ លើកឡើងទៀតថា នៅពេលមើលប្ដីប្រកួតម្ដងណានោះ គឺពិបាកក្នុងខ្លួនតែម្ដង ពោលមិនដឹងថាខ្លួនបានដកដង្ហើមឬអត់នោះទេ គឺខ្វល់តែស្រែកប្រាប់ ចាន់ រតនា ឲ្យខំប្រឹងវ៉ៃ ខំប្រឹងបន្តទៀតប៉ុណ្ណោះ។
រំលឹកដែរថា កីឡាករ ចាន់ រតនា បានរៀបការជាមួយអ្នកស្រី Coupon Cindy ជាង១០ឆ្នាំមកហើយ ដោយទទួលបានចំណងដៃកូនស្រី២នាក់នាពេលបច្ចុប្បន្ន៕