ស្នងការដ្ឋាននរគរបាលរាជធានីភ្នំពេញនៅថ្ងៃនេះបានចេញសេចក្ដីជូនដំណឹងមួយថាដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងធ្វើឲ្យទីក្រុងកាន់តែមានសោភណ្ឌភាពល្អ មន្ត្រីនរគរបាលនឹងស្ទូចរថយន្តដែលឈប់ឬចតទីកន្លែងមានស្លាកសញ្ញាហាមឃាត់ដោយមិនមានការយោគយល់។
នៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលនេះ បានសរសេរថាកម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់នឹងធ្វើការស្ទូចរថយន្តដែលឈប់ ឬចត ល្មើសនឹងស្លាកសញ្ញា យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមប្រភពដដែលវិធានការនេះនឹងអនុវត្ត ដោយគ្មានការយោគយល់ឡើយទោះជាឡានទំនើប ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋក៏ដោយ ដោយថា ឲ្យ«តែខុសគឺស្ទូចយកមកធ្វើការផាកពិន័យតាមច្បាប់កំណត់តែម្តង»។
ប្រភពខាងលើសរសេរថា៖ «ដូច្នេះដើម្បីជួយសហការណ៍ក្នុងការកាត់បន្ថយការកកស្ទះ ក៏ដូចជាធ្វើឲ្យទីក្រុងមានសោភ័ណ្ឌភាពល្អ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទមេត្តាជួយចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសឡានរបស់អង្គភាពមួយចំនួនដូចជា ឡានដែលពាក់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋជាដើម ត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយមិនឈប់ ឬចតនៅទីកន្លែងដែលមានស្លាកសញ្ញាហាមឡើយ»៕