• ម្ចាស់​ហាងស្រីម្នាក់ យក​កន្ត្រៃ​ចាក់​អតីត​បុគ្គលិក​របស់ខ្លួន​ហើយ ថែមទាំង​ប្តឹង​ទាមទារ​លុយ ១៥០០០​ដុល្លារទៀត​ផង

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង ច័ន្ទ សាឡ​ន បាន​ប្រើ​ហិង្សា​យក​កន្ត្រៃ​ចាក់ទៅលើ​នារី​ម្នាក់​ជា​កម្មការិនី​រោងចក្រ ដែលជា​អតីត​បុគ្គលិក​របស់ខ្លួន​បណ្តាល​ឲ្យ​របួស​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១ និង​២០​នាទី​ ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅ​ខាងក្រោយ​ផ្សា​រវិន​មីង ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ​ជនរងគ្រោះ​មានឈ្មោះ ចាន់ ថា មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​ក្រោយ​ផ្សា​រវិន​មីង ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ស្ត្រី​រងគ្រោះ រងរបួស​ពោះ ទ្រូង បំពង់ និង​ក្បាល​ហូរឈាម ​។​

    ​ចំណែក​ជនបង្ក​ឈ្មោះ ឡុ​ញ ច​ន្នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ម្ចាស់​ហាង ច័ន្ទ សាឡ​ន ស្នាក់នៅ​ក្រោយ​ផ្សា​រវិន​មីង ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ​តាម​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កន្លងមក​រូប​ខ្លួន​ធ្លាប់​ធ្វើការ​នៅ​កន្លែងកើតហេតុ​រួច​ក៍បាន​ឈប់​តាំងពី​យូ​ណាស់​មកហើយ ហើយ​ពេលកន្លងមក​ក៏​ធ្លាប់​ទាក់ទង​គ្នា​តាម​ទូរ​ស័​ព្វ តែ​មិនដែល​ចុះសម្រុង​គ្នា​នោះទេ ដោយសារ​ម្ចាស់​ហាង​ហៅ​មក​ធ្វើការ​វិញ​តែ​នាង​មិន​ព្រម​។​

    ​ជនរងគ្រោះ​បាន​បន្តថា រហូតមកដល់​ថ្ងៃកើតហេតុ រូបនាង​បាន​ដើរកាត់​កន្លែង​ជនបង្ក ពេលនោះ​ម្ចាស់​ហាង បាន​ហៅ​ជនរងគ្រោះ​ឲ្យ​ចូលក្នុង​រួច​និយាយ​គ្នា​ក៏​ទាក់​ពាក្យសម្តី​គ្នា ទើប​ជនបង្ក​ម្ចាស់​ហាង បាន​ទះកំភ្លៀង ជនរងគ្រោះ រួច​យក​កន្ត្រៃ​មកចាក់​បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​កន្លែង ក៏មាន​ការ​តដៃ​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​រងរបួស​ទាំងសងខាង​។​

    ​ក្រោយពេល​កើតហេតុ អ្នកភូមិ​បានផ្ដល់​ព័ត៌មាន​ជូន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១ ឲ្យ​ចុះទៅ​អន្តរាគមន៍ ហើយ​កម្លាំង​នគរបាល ក៏បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​អ្នក​ទាំង​២ ទៅកាន់​ប៉ុស្តិ៍​ដើម្បី​សាកសួរ ព្រោះ​មាន​របួសស្នាម​ទាំងសងខាង​។​

    ​តាម​សាក្សី​ម្នាក់ បាន​និយាយថា នៅ​មុនពេល​កើតហេតុ ថៅកែ​ហាង​បាន​ហៅ​ឲ្យ​ស្ត្រី​រងគ្រោះ ចូលទៅក្នុង​ហាង​របស់ខ្លួន ពេលនោះ​នាង​ក៏បាន​ចូលទៅ លុះ​បន្តិចក្រោយមក​ស្រាប់តែ​ឃើញ ម្ចាស់​ហាង​ច្រាន​ជនរងគ្រោះ ចេញ​ក្រៅ​ហើយ​ទះ​១​កំផ្លៀង ព្រមទាំង​យក​កន្ត្រៃ​យ៍​ចាក់ទៅលើ​ជនរងគ្រោះ​ចំពោះ ក្បាល បំពង់ក​។ បន្ទាប់​មកចាក់​សំដៅ​ទ្រូង​ទៀត ប៉ុន្តែ​ត្រូវបាន​ជនរងគ្រោះ​ធាក់​១​ជើង ទើប​ចាក់​អត់​ត្រូវ រួចហើយ​ជនរងគ្រោះ​រត់ចេញ និង​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ​។​

    ​ពេល​មានការ​សួរនាំ​, ស្ត្រី​រងគ្រោះ​បាន​និយាយថា ពេលនេះ​នាង​បាន​ទៅធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ហើយ មិនបាន​ធ្វើការ​នៅក្នុង​ហាង​អ៊ុតសក់ ច័ន្ទ សាឡ​ន នោះ​ទៀតឡើយ ព្រោះតែ​ម្ចាស់​ហាង​ខាងលើ ចោទប្រកាន់ថា នាង​លួច​សម្ភារ​ក្នុង​ហាង​។ មិនតែប៉ុណ្ណោះ​ថែមទាំង​ដើរ​និយាយ​ហែកកេរ្តិ៍​នាង​ថែមទៀត ដែល​ការចោទប្រកាន់ និង​ទង្វើ​បំពាន​បែបនេះ នាង​មិនអាច​ទទួលយក​បានទេ ព្រោះ​នាង​មិនដែល​បាន​ប្រព្រឹត្ត​នោះឡើយ​។​

    ​រីឯ​ស្ត្រី​ថៅកែ​ហាង​អ៊ុតសក់ បាន​និ​យា​ថា ខ្លួន​បាន​បណ្ដេញ​នាងរង​គ្រោះ​ចេញពី​ការងារ​ក្នុងពេល​កន្លងមក ព្រោះ​ស្ត្រី​នេះ​មានចិត្ត​មិន​ស្មោះត្រង់ និង​តែងតែ​និយាយដើម​ខ្លួន​ថា ខ្លួន​ជាម​នុស្ស​ខ្លាច មិនបានការ និង​ជាម​នុស្ស​ភ្លើ​មិន​ដឹងអី ព្រមទាំង​បាន​ឆាត​ចូល​ទូរស័ព្ទ​របស់​នាង និង​ទូរស័ព្ទ​ក្មួយ​ស្រី ហើយ​ដៀល​សព្វបែបយ៉ាង​ថែម​ទៀតផង​ទើប​ទ្រាំ​មិនបាន​។​

    ​មន្ត្រីនគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា ស្ត្រី​ម្ចាស់​ហាង​បាន​បង្ក​អំពើហិង្សា​ទៅ​នារី​រងគ្រោះ​ហើយ ថែមទាំង​ប្តឹង​ទាមទារ​លុយ ១៥០០០​ដុល្លារ​ថែមទៀត​ផង​។ តែ​យ៉ាងណាក៏ដោយ សម្រាប់​ករណីនេះ សមត្ថកិច្ច​កំពុងតែធ្វើការ​សួរនាំ ដើម្បី​ចាត់វិធានការ​តាមច្បាប់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច Bayk[email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ