ធុញទ្រាំពេក! កូរ៉េខាងជើង ផ្ញើសារជូនសហរដ្ឋអាមេរិក៖ «ចង់ចរចាក៏បាន ចង់ធ្វើសង្រ្គាមជាមួយគ្នាក៏បាន»

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho នៅថ្ងៃសុក្រនេះ បាននិយាយថា ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចា និងប្រឈមមុខគ្រប់ជម្លោះ ឬសង្រ្គាមទាំងអស់ ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។

លោក Ri Yong Ho ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសម្រង់សម្ដីមួយចុះផ្សាយបន្តដោយ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលបានព្រមានដែរថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមិនអាច ធ្វើឱ្យទីក្រុងព្យុងយ៉ាង ចុះញ៉មនោះទេ ហើយវាមានតែធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់តែ យ៉ាប់យ៉ឺន ប៉ុណ្ណោះ។

លើសពីនេះទៅទៀត រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះ ក៏បានចោទប្រកាន់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ផងដែរថាបានបង្កើត«ស្រមោលដ៏ខ្មៅងងឹតមួយ» នៅក្នុងកិច្ចចរចា នុយក្លេអ៊ែរ ដោយគិតតែពីប្រយោជន៍នៃមហិច្ឆិតានយោបាយផ្ទាល់ខ្លួន ជាជាងគោលនយោបាយ ការបរទេស របស់សហរដ្ឋអាមេរិក។

គួរជម្រាបថា ប្រតិកម្មរបស់លោក Ri Yong Ho ធ្វើឡើងបន្ទាប់ពីលោក មៃក៍ ប៉ុមប៉េអូ បានថ្លែង នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក កាលពីថ្ងៃអង្គារកន្លងទៅថា បើសិនជាកូរ៉េខាងជើង មិនបោះបង់ចោលអាវុធនុយក្លេអ៊ែរទេ នោះសហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មកាន់តែខ្លាំងប្រឆាំង នឹងរបបដឹកនាំ លោក គីម ជុងអ៊ុន៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ