• ឡានដឹកដីបុករះ រថយន្ដពីរគ្រឿង នៅរង្វង់មូលស្គន់ ស្រុកជើងព្រៃ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស

    (កំពង់ចាម)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ដោយរថយន្ដដឹកដីមួយគ្រឿង បានបុករះពេញទំហឹងទៅលើរថយន្ដ២គ្រឿង និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស នៅចំណុចរង្វង់មូលស្គន់ ស្ថិតក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

    សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (បែន) ពាក់ស្លាកលេខភ្នំពេញ3A-2543 បើកបរដោយឈ្មោះ ចាប ឡាក់សែ អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកពីលិចទៅកើតបុករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V-3274 បើកបរដោយឈ្មោះ ផល ចំណាន អាយុ២៦ឆ្នាំ មានទីលំនៅភូមិជាំតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

    បន្ទាប់មករថយន្ដនោះបានរុញផ្ទុបបុកម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1P-0453 បើកបរដោយឈ្មោះ ទូច ហ៊ួយ ភេទស្រី អាយុ46ឆ្នាំ មានទីលំនៅភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលកំពុងឈប់លើចិញ្ចើមផ្លូវ និងបុកថ្មើរជើង កំពុងឈរជាមួយម៉ូតូឈ្មោះ ហ៊ាន សុខលី ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (លក់ចង្រិត)។

    ហើយបន្តទៅបុករថយន្តម៉ាកសាំ យ៉ុងខាងមុខ កំពុងឈប់ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2AD-9510 បើកបរដោយឈ្មោះ ឈាង ប៊ុនធឿន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

    របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ដែលជាអ្នកលក់ចង្រិត ឈ្មោះ ទូច ហ៊ូយ និងរបួសម្នាក់, ខូចខាចរថយន្ត៣គ្រឿង កម្រិតស្រាល និងម៉ូតូ១គ្រឿងកម្រិតស្រាល។ មូលហេតុ ដោយសារលក្ខណៈបច្ចេកទេសហ្វ្រាំងមិនស៊ី បង្កដោយរថយន្តហ៊ីយ៉ាន់ដាយបែន។

    ក្រោយកើតហេតុ អ្នកបង្កបើករថយន្តបង្ក ត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក វត្ថុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និងកំពុងបន្តនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ