( ប៉ៃលិន) ៖ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៩ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថាន ខេត្តប៉ៃលិន បានកោះហៅមន្រ្តីរបស់ខ្លួនប្រជុំបន្ទាន់ ដោយសារតែមានការឆ្លើយដាក់គ្នា ខណ:ជនល្មើសកាប់បំផ្លាញព្រៃឈើតំបន់អភិរក្សមួយចំនួន ដែលមន្រ្តីបរិស្ថានប្រទះឃើញនៅនឹងកន្លែងបានរត់គេចខ្លួន ហើយក្រុមមន្រ្តីបានឆ្លើយដាក់គ្នាទៅវិញទៅមក ដោយអ្នកខ្លះលើកឡើងថា រូបគេបានឃើញជនល្មើសនៅលើភ្នំ ខំព្រលែងឱ្យអ្នកនៅខាងក្រោមចាំចាប់ឃាត់ខ្លួន តែបែរជាលែងឱ្យរួចខ្លួនទៅវិញ ។
ចំណែកមន្រ្តី ដែលនៅចាំយាមខាងក្រោមបានឆ្លើយឡើងថា អត់ឃើញមានជនល្មើសណាបើកបរម៉ូតូ ឬដើរចុះមកខាងក្រោមនោះទេ គឺពួកគេបានរត់គេចខ្លួន អស់បាត់ទៅហើយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីមានការចុះបង្ក្រាបក៏ក្តៅគគុកមួយនៅលើភ្នំតំបន់អភិរក្ស មន្រ្តីឧទ្យានុរក្ស និងមន្រ្តីបរិស្ថានបានប្រទះឃើញជនសង្ស័យជាច្រើននាក់នៅ២កន្លែងផ្សេងគ្នា ហើយក៏ រឹបអូសបានកំណាត់ឈើ និងម៉ាស៊ីនត្រង់ទីន័រផងដែរ ។
បើតាមប្រភពព័ត៌មានពីលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា កាលពីវេលាម៉ោង៩ និង៣០នាទីព្ថឹកថ្ងៃទី១៩ ខែសីហាឆ្នាំ ២០១៩ លោកបានសុំគោលការណ៍ពីលោក ថុល គឹមហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ការពារធនធានធម្មជាតិ នៅចំណុចអូរប្រើស ដោយបានសហការជាមួយលោកមេភូមិអូរប្រើស និងកំលាំងចម្រុះ អង្គការអភិរក្សសត្វព្រៃ និងព្រៃឈើ(MJP) ចុះស្ទាក់ និងឆែកឆេរផ្ទះប្រជាពលរដ្ឋ ហើយរឹបអូសបានម៉ាស៊ីនអាឈើ(ត្រង់ទីន័រ)០១គ្រឿង ម៉ូតូ០២គ្រឿង យកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្ត។
លោកបន្តទៀតថា ចំណែកចម្លើយរបស់ស្រ្តីម្នាក់ឈ្មោះ មឿន ស៊ីណា អាយុ៥២ឆ្នាំ ជាម្ចាស់ផ្ទះ បានបង្ហាញបំភ្លឺជនសង្ស័យចំនួនបីនាក់ទៀត ដែលត្រូវឃាត់ខ្លួនខាងមុខនេះ ។
លោកបញ្ជាក់ថា មន្រ្តីបរិស្ថាន បានចុះពិនិត្យ និងប្រមូលបានភ័ស្តុតាង ដើម្បីចងក្រងសំណុំរឿងរួចធ្វើការចោទប្រកាន់ និងសុំដីកាបញ្ជាចូលខ្លួនជនសង្ស័យចំនួនបីនាក់ទៅតុលាការ ទី១. ឈ្មោះ ឈឹម ហេង ភេទប្រុស ទី២. ឈ្មោះ ឡែម ដា និង បក្សពួកមួយចំនួនទៀតបានរត់គេចខ្លួន ៕
ប្រភព៖ ANN