• សូមអរគុណ! ជប៉ុនបានផ្តល់ហិរញ្ញប្បទានជាង ៥៥០ លានដុល្លារ ដើម្បីជួយអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ

    (ភ្នំពេញ)៖ រយៈពេលឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១៦ ដល់ ២០១៩នេះ រដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ នូវទឹកប្រាក់ជាង៥៥០លានដុល្លារអាមេរិក សម្រាប់ជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ដែលចប់អាណត្តិ។

    ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា ក្នុងខណៈដែលលោកឯកអគ្គរដ្ឋទូត នឹងត្រូវបញ្ចប់អាណិត្ត នៃការបំពេញបេសកកម្មការទូត ក្នុងរយៈពេលបីឆ្នាំ (ឆ្នាំ២០១៦-ឆ្នាំ២០១៩) នៅកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលជប៉ុន ដែលតែងតែរក្សា និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អប្រសើរសម្រាប់កម្ពុជា។

    លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Hidehisa HORINOUCHI ក្នុងអាណតិ្ត ការទូត ដែលលោកបានបំពេញភារកិច្ច និងតួនាទីយ៉ាងសំខាន់ជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ទាំងក្នុងទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និង បានរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ។

    ក្នុងអាណតិ្តបីឆ្នាំ នៃការបំពេញបេសកកម្មការទូតនៅកម្ពុជានេះ, កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ (Japan ODA) មានទឹកប្រាក់សរុបប្រមាណជាង៥៥០ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជិត ១៥០លានដុល្លារអាមេរិក សម្រាប់គាំទ្រលើវិស័យជាច្រើនរួមមាន៖ ផ្លូវ, ស្ពាន, ការផ្គត់ផ្គង់ទឹកស្អាត, ថាមពលអគ្គិសនី, អប់រំ, សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និងទឹកប្រាក់ប្រមាណជាង ៤០០លានដុល្លារអាមេរិក ជាឥណទានសម្បទានសម្រាប់ហិរញ្ញប្បទានបន្ថែម ដល់គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ (ស្ពានព្រែកក្តាម-ក្រុងបោយប៉ែត) គម្រោងអភិវឌ្ឍន៍ចំណតកុងតែន័រកំពង់ផែស្វយ័តក្រុងព្រះ សីហនុ, គម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី ។ល។ វិភាគទានរបស់ប្រជាជនជប៉ុន សុទ្ធសឹងតែគាំទ្រដល់យុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិរបស់កម្ពុជា ។

    ជាមួយគ្នានេះ, សម្រាប់ឆ្នាំ ២០១៨, ទំហំនៃការវិនិយោគឯកជនពីប្រទេសជប៉ុន មានទឹកប្រាក់ ប្រមាណ៤៤០លានដុល្លារអាមេរិក។ រីឯការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ១,៦០០លានដុល្លារអាមេរិក ។ គិតត្រឹមឆមាសទី១ ឆ្នាំ ២០១៩, ទំហំនៃការវិនិយោគ និងពាណិជ្ជកម្មជប៉ុន មានទឹកប្រាក់កើនឡើងប្រមាណជិត៥០០លានដុល្លារអាមេរិក រីឯការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់ ប្រមាណជាង១,៧០០លានដុល្លារអាមេរិក ។

    លោកឯកអគ្គរដ្ឋទូត Hidehisa HORINOUCHI បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរីកចម្រើនស្ទើរគ្រប់វិស័យ។ រដ្ឋាភិបាលជប៉ុន នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យអាទិភាព ជាមួយកម្ពុជា រួមទាំងបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ, ការវិនិយោគសាធារណៈ និងឯកជននានានៅកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ