• ពិធីសុំទឹកភ្លៀង នៅ​តែ​ជាទំនៀមពីបុរាណរបស់​ពល​រដ្ឋ​ខ្មែរ​នៅ​សៀមរាប​

    សៀមរាបៈ ដូចសព្វមួយដង ឱ្យតែមានគ្រោះរាំងស្ងួត ឬខ្សត់ភ្លៀង អ្នកភូមិលាងដៃ បាន​កៀង​គរ​គ្នា ​ដើម្បីរៀបចំប្រារព្ធពិធីបួងសួងសុំទឹកភ្លៀង នៅឯ​បរិវេណប្រាសាទនាគព័ន្ធ ​ដែល​ជា​ទំនៀម​ពី​បុរាណ។ នៅ​​ក្នុង​ឆ្នាំនេះ កម្មវិធី​ត្រូវបានរៀបចំធ្វើនៅកាល​ពី​ថ្ងៃទី១៣ និង១៤ ខែសីហា ដោយ​មាន​អ្នក​ចូល​​រួម​ប្រមាណ​ចំនួន ២០០ អង្គ/នាក់។

    បើ​តាម​លោក​យាយ ហៃ វឿន វ័យ ៧០ឆ្នាំ ជាចាស់ព្រឹទ្ធិចារ្យមួយរូប ដែល​ផ្តើមគំនិត​រៀបចំពិ​ធីបួងសួង​សុំទឹកភ្លៀងនេះ​បានឱ្យដឹងថា ៖«ពិធីនេះជាទំនៀមអ្នកភូមិលាងដៃតែងធ្វើមិនដែលរំលងឡើយ គឺ​រាល់​ឆ្នាំ​ ដែលក្រមានភ្លៀងឬជាប់គ្រោះរាំងស្ងួតជាដើម។ នៅឆ្នាំនេះ សង្កេតឃើញថាមានគ្រោះរាំងស្ងួតខ្លាំង អ្នក​​ភូមិ មិនរំពឹងទទួលបាន ទឹកភ្លៀងច្រើនពេកទេ បន្ទាប់ពីរៀបចំពិធីសុំទឹកភ្លៀងរួច តែ​យ៉ាង​ណា​អ្នក​ភូមិ​​នៅតែធ្វើដើម្បីបន់អស់បារមីទេវតាថែរក្សាភពផែនដី ឱ្យ​ផ្តល់​ទឹក​ភ្លៀង​ជួយ​សង្រ្គោះ​ស្រូវស្រែ និង​ជីវិត​សត្វលោក»។

    បារមីស័ក្ដិសិទ្ធិនៅប្រាសាទនាគព័ន្ធ បានធ្វើឱ្យអ្នកភូមិនៅទីនោះ នៅ​តែ​មានជំនឿជាខ្លាំង ដោយសារ​រាល់​​​ពេលប្រារព្ធពិធីសុំទឹកភ្លៀងម្ដងៗ គឺតែងមានភ្លៀងធ្លាក់រហូត។ លោកយាយ ហៃ វឿន បញ្ជាក់ថា អំឡុង​​​ពេលកំពុងបួងសួងនៅល្ងាចថ្ងៃទី១៣ ស្រាប់តែ​មានភ្លៀងមួយមេ ធ្វើឱ្យអ្នកភូមិ ទទឹក​ជោក​ខ្លួន​តែ​ម្ដង ខណៈ​ពេលមុនៗពុំមានភ្លៀងសោះនោះ។ លោកយាយបន្តថា នៅទីនេះ​ឱ្យ​តែ​បន់​គឺ​ដឹង​តែ​បាន។

    ចំណែកលោកយាយ ឌួង ឆោម អ្នកដឹកនាំរៀបចំពិធីនេះមួយដែរនោះបាននិយាយថា អ្នកភូមិមាន​ជំនឿ​នឹងពិធីនេះ​ណាស់ ហើយតែងមិនសុខស្រណុកនៅពេលមិនបានធ្វើពិធីនេះ។ លោកយាយថា បុណ្យ​សុំ​ទឹកភ្លៀងនេះមិនមែនសុំតែទឹកភ្លៀងមួយមុខទេ គឺបន់ស្រន់​សុំសេចក្ដី​សុខជូន​ដល់ប្រជារាស្រ្ដខ្មែរ​ទាំង​​មូលផងដែរ។ ជាមួយគ្នានេះ ក្នុងនាមជាចាស់ទុំមួយរូប និងជាអ្នកប្រឹង​ប្រែងខំ​ធ្វើពិធីនេះ​តពីដូច​តា​មក លោកយាយ ឌួង ឆោម ចង់ឱ្យក្មេងៗជំនាន់ក្រោយ បន្តធ្វើពិធីនេះជាប់រហូតទៅ ដ្បិត​ថា​ជា​ទំនៀម​ពីបុរាណ ក៏ដូចជាអត្ដសញ្ញាណមួយរបស់អ្នកភូមិលាងដៃនេះផងដែរ។ សម្រាប់ពិធីនេះដែរ បើតាម​ការ​ពន្យល់​របស់លោកយាយ ឌួង ឆោម គឺមានសារសំខាន់​ណាស់ដើម្បី​បង្ហាញពីស្នាដៃ​ដល់ក្មេងៗ​ជំនាន់​ក្រោយ​​ក្នុងការអភិរក្សប្រពៃណីពីដូនតាខ្មែរ ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ​ដែលចង់​ដឹង​ចង់​ស្វែង​យល់​ក្នុង​ពិធីនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ