លោក ហង់ជួន ណារ៉ុន៖ ការបូកពិន្ទុប្រឡងបាក់ឌុបនៅឆ្នាំនេះ ប្រើប្រាស់ប្រព័ន្ធពីរប្រភេទ ដើម្បីធានាកុំឲ្យមានកំហុសឆ្គង

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ដំណើរការបូកពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំ២០១៩នេះ នឹងត្រូវធ្វើឡើងដោយប្រើប្រាស់ប្រព័ន្ធបូកចំនួនពីរប្រភេទ ដើម្បីធានាកុំឲ្យមានកំហុសឆ្គងលើបញ្ហានេះ ដូចកាលពីឆ្នាំកន្លងទៅ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ដ្រីក្រសួងអប់រំ បានគូសបញ្ជាក់ទៀតថា មុននឹងធ្វើការប្រកាសលទ្ធផលជាផ្លូវការ ក្រសួងនឹងវិភាគពិន្ទុទាំងអស់នោះ ឲ្យបានល្អិតល្អន់ទើបប្រជុំសម្រេច ប្រកាសលទ្ធផលតាមក្រោយ។

រដ្ឋមន្ដ្រីក្រសួងអប់រំ បានថ្លែងយ៉ាងដូច្នេះថា «យើងបានធ្វើតេស្ដដោយរៀបចំជាមជ្ឈមណ្ឌលកុំព្យូទ័រ២ទៀត ដើម្បីកំណត់ថាប្រសិនបើមួយ Error យើងសាកល្បងមួយទៀត។ អីចឹងពីរកន្លែង គឺមានប្រព័ន្ធទាំងប្រព័ន្ធចាស់ និងប្រព័ន្ធថ្មី ហើយមាននីតិវិធីក្នុងការពិនិត្យមើល ថាតើលទ្ធផលយ៉ាងម៉េចដែរ យកលទ្ធផលមកវិភាគមួយរយៈសិន នឹងមិនផ្សព្វផ្សាយលទ្ធផលភ្លាមៗទេ គឺយើងវិភាគហើយ ទើបយើងឲ្យអ្នកបច្ចេកទេសបញ្ចូលទៅក្នុងប្រព័ន្ធកម្មវិធីមួយទៀត ដើម្បីដឹងថាតើលទ្ធផលត្រឹមត្រូវឬអត់? ទើបយើងនឹងប្រជុំសម្រេចប្រកាសលទ្ធផល»។

លោក ហង់ ជួន ណារ៉ុន ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ដំណើរការបូកពិន្ទុប្រឡងនៅឆ្នាំ២០១៩នេះ នឹងមិនមានកំហុសឆ្គងទៀតនោះឡើយ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ