• រដ្ឋាភិបាល សម្រេច​បញ្ឈប់​ការចេញ​អាជ្ញាប័ណ្ណ​ ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ចអន​ឡាញ គ្រប់ប្រភេទ

    ភ្នំពេញ ​៖ រាជរដ្ឋាភិបាល ចេញ​សារាចរ​ណែនាំ​លេខ​០៧ សរ​ណន ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈ​អ៉ី​ន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

    ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​មួយ ដោយ​បញ្ឈប់​ការ ផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ចអន​ឡាយ (Internet Online) ទាំង​ក្នុង និង​ក្រៅប្រទេស ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​។​

    ​នៅក្នុង​សារាចរ​ណែនាំ រាជ​ដ្ឋា​ភិ​បាល​បានធ្វើ​ការណែនាំ​ចំនួន​៣​ចំណុច​ដូចខាងក្រោម​៖

    ១/ មន្ត្រីនគរបាល​យុត្តិធម៌ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន​ការស្រាវជ្រាវ និង​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៉ិ​ន​ធើ​ណេ​ន​អន​ឡាយ ក្នុង​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព ដែល​ធ្វើ​សកម្មភាព​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​។​

    ២/​ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៉ិ​ន​ធើ​ណែ​ត​អន​ឡាយ ក្នុង​និង​ក្រៅប្រទេស​ដែលមាន​អាជ្ញាប័ណ្ណ ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​រហូត​ផុត​សុពលភាព ដែល​បានកំណត់​ក្នុង​អាជ្ញាប័ណ្ណ​។ បន្ទាប់​ពីនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពលភាព នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅទៀត​ឡើយ​។​

    ៣/ រាជរដ្ឋាភិបាល បញ្ឈប់​ការផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៉ិ​ន​ធើ​ណេ​ត​អន​ឡាយ​ទាំង​ក្នុង និង​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​នេះ​តទៅ​។​

    ​ការចេញ​សារា​ណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​សង្កេតឃើញ​ថា សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាម​អយៈ​អ៉ិ​ន​ធើ​ណេ​ត ក្នុង និង​ក្រៅប្រទេស​មួយចំនួន បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​មួយចំនួនទៀត​លួចលាក់​ធ្វើ​សកម្មភាព​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា ហើយ​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ