លោក គួច ចំរើន សម្រេចផ្ដល់កន្លែងស្នាក់នៅ និងការហូបចុក សម្រាប់បេក្ខជនប្រឡងបាក់ឌុប ដែលមានផ្ទះឆ្ងាយពីមណ្ឌលប្រឡង

(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានសម្រេចផ្ដល់កន្លែងស្នាក់នៅ និងការហូបចុកបីពេលក្នុងមួយថ្ងៃ សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានផ្ទះឆ្ងាយពីមណ្ឌលប្រឡង ក្នុងស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក គួច ចំរើន ដែលបណ្ដាញព័ត៌មានទទួលបាននៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

លោក គួច ចំរើន បានបញ្ជាក់ថា ការផ្ដល់កន្លែងស្នាក់នៅ និងការហូបចុកដល់បេក្ខជនប្រឡងនេះ ដើម្បីជួយសម្រាលបន្ទុក ដោះស្រាយការលំបាក និងបញ្ហាប្រឈមរបស់មាតាបិតា អ្នកអាណាព្យាបាល និងក្មួយៗ ជាបេក្ខជនដែលមកពីបណ្តាវិទ្យាល័យឆ្ងាយៗ នៃស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅ ហូបចុកក្នុងកំឡុងពេលប្រឡង។

ក្នុងសេចក្ដីជូនដំណឹង បានបន្ថែមថា សម្រាប់បេក្ខជនដែលមកពីវិទ្យាល័យ ហ៊ុនសែន កំពង់សីលា និងវិទ្យាល័យ ហ៊ុន សែន កែវផុស នៅផ្ទះសំណាក់ឡើងទ្រី ស្ថិតនៅក្នុងស្រុកព្រៃនប់។ ចំពោះបេក្ខជនមកពីវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ត្រូវស្នាក់នៅ និងទទួលអាហារបីពេលក្នុងមួយថ្ងៃ នៅផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហមស្ថិតនៅក្នុងក្រុងព្រះសីហនុ។

ដោយឡែកចំពោះការផ្ញើយានជំនិះរបស់បេក្ខជនទាំងអស់ នៅគ្រប់មណ្ឌលប្រឡងរដ្ឋបាលខេត្តធានារ៉ាប់រងការចំណាយទាំងស្រុង។

មាតាបិតា អ្នកអាណាព្យាបាល និងបេក្ខជនដែលជួបប្រទះការលំបាកក្នុងការរកទីកន្លែងស្នាក់នៅ សូមធ្វើការទំនាក់ទំនងជាមួយលោក ហេង សាយស៊ីថន ទូរស័ព្ទលេខ ០១៥ ៥០៣ ៥៦៦ និងលោក ជ័យ ហេង ទូរស័ព្ទលេខ ០១៦ ៥៦៧ ០១១។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩នេះ នឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែសីហា មានបេក្ខជនប្រឡង សរុប១១៩,២១៧នាក់ នារីជាង៦ម៉ឺននាក់, បេក្ខជនមានពិការភាពមានចំនួន ៥នាក់។ បេក្ខជនប្រឡងនៅឆ្នាំនេះកើនឡើងប្រមាណ ៥៨៥២នាក់ បើធៀបឆ្នាំ២០១៨។ សម្រាប់មណ្ឌលប្រឡងវិញមានចំនួន ២០២មណ្ឌល កើនឡើង៦មណ្ឌល បើធៀបឆ្នាំ២០១៨៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ