• ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានស្រកចុះបណ្តើរៗហើយ

    (ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានអះអាងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្រុកវាលវែង ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ បានស្រកចុះបណ្តើរៗហើយ ខណៈស្រុកកណ្តៀង នៅចំណុចទំនប់ចរឹក ទឹកមានការកើតឡើងខ្លាំង ដែលអាចស្រកចុះវិញជាបណ្តើរៗ នៅពេលទឹកនោះហូរទៅដល់បឹងទន្លេសាប។

    សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើងក្នុងកម្រិតប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀង បានធ្លាក់ជាបន្តបន្ទាប់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ក្នុងសេចក្តីជូនដំណឹងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ សូមអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។

    ទោះបីជាយ៉ាងនេះក្តី តាមការព្យាករណ៍ថ្មី ដែលបញ្ជាក់ដោយមន្ទីរជំនាញ និងអាជ្ញាធរដែនដី ដែលនៅជាប់នឹងដងស្ទឹងពោធិ៍សាត់ បានឲ្យដឹងបន្ថែមថា គិតត្រឹមវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្រុកវាលវែង ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ បានស្រុកចុះបណ្តើរៗហើយ ខណៈស្រុកកណ្តៀងនៅចំណុចទំនប់ចរឹក ទឹកមានការកើតឡើងខ្លាំង ដែលអាចស្រកចុះវិញជាបណ្តើរៗដែរ នៅពេលទឹកនោះហូរទៅដល់បឹងទន្លេសាប។ ស្ថិតក្នុងស្ថានភាពទឹកជំនន់នេះ បានធ្វើឲ្យតំបន់ខ្លះលេចលង់ ក៏ប៉ុន្តែសម្រាប់តំបន់ ដែលនៅឆ្ងាយពីស្ទឹង ប្រឡាយមេ និងប្រឡាយរង ក៏ជួបនឹងគ្រោះរាំងស្ងួតផងដែរ ដែលបញ្ហានេះ ទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ច ខិតខំស្វែងរកដំណោះស្រាយ ដើម្បីជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ