កីឡាករចាំទី Alisson នឹង​អវត្តមាន​ពី​ទីលាន​ប្រមាណ ២-៣សប្តាហ៍ ដោយសារ​បញ្ហា​របួស​ក្រលៀន

(លីវើភូល)៖ កីឡាករចាំទី Alisson Becker នឹងអវត្តមានក្នុងក្លឹបហង្សក្រហម Liverpool ប្រមាណ ២ទៅ ៣សប្តាហ៍ បន្ទាប់ពីរងរបួសក្រលៀននៅអំឡុងប្រកួតបើកឆាក Premier League កាលសប្តាហ៍មុន នេះបើតាមការបញ្ជាក់របស់ លោក Jurgen Klopp អ្នកចាត់ការទូទៅក្លឹប Liverpool។

អ្នកចាំទីក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីល វ័យ២៦ឆ្នាំរូបនេះ ត្រូវបានប្តូរចេញនៅនាទី៣៩ ចុងវគ្គទី១ ពោលគឺនៅពេលដែលជួយ Liverpool នាំមុខ Norwich City ៣-០ ទៅហើយនោះនៅកីឡដ្ឋាន Anfield នឹងត្រូវបាន ជំនួសដោយមិត្តរួមក្រុមដែលទើបទិញបាននារដូវក្តៅនេះ គឺ Adrian។

គ្រូបង្វឹកសញ្ជាតិអាល្លឹម៉ង់ Klopp បានថ្លែងប្រាប់ BBC ថា «វាគ្មានអ្វីបារម្ភច្រើននោះទេសម្រាប់បញ្ហារបួសក្រលៀនរបស់ Alisson ដែលនឹងត្រូវការសម្រាកបន្តិចប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ Alisson នឹងខកខានប្រកួតដណ្តើមពានបើករដូវកាល UEFA Super Cup ទល់នឹង Chelsea ដែលនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Istanbul នៃប្រទេសតួកគីនារាត្រីពុធស្អែកនេះ និងបន្តខកខានពេល Liverpool ប៉ះម្ចាស់ផ្ទះ Southampton ក្នុងសប្តាហ៍ទី២ នៃ Premier League នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះ ទៀតផង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ