តើហេតុផលអ្វីខ្លះបាននាំឲ្យអាមេរិក ទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង Hiroshima និង Nagasaki របស់ជប៉ុន?

(តូក្យូ)៖ ថ្ងៃទី០៦ ខែសីហា គឺជាខួបលើក ៧៤ឆ្នាំ ដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក បរមាណូលើទីក្រុង Hiroshima ប្រទេសជប៉ុន ដោយសម្លាប់ជីវិតប្រជាជនជប៉ុនទាំងក្មេង ចាស់ប្រុសស្រីជាង ១៤០,០០០នាក់។ គ្រាប់បែកបរមាណូទី ២ ត្រូវបានទម្លាក់លើទីក្រុង Nagasaki នៅ៣ថ្ងៃបន្ទាប់គឺនៅថ្ងៃទី០៩ ខែសីហា ដោយផ្ដាច់ជីវិតមនុស្ស ច្រើនជាង៨០,០០០នាក់ ហើយការទម្លាក់គ្រាប់បែកនេះបានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជា ប្រទេសតែមួយគត់នៅលើពិភពលោក ដែលបានប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាម។

ប៉ុន្តែតើសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង Hiroshima ដើម្បីតែបញ្ចប់សង្រ្គាម ឬក៏ដើម្បីដឹងពីឥទ្ធិពលនៃអាវុធប្រល័យលោកមួយនេះ?

* តើទីក្រុង Hiroshima នៅឯណា?

ទីក្រុង Hiroshima គឺជារាជធានីនៃខេត្ត Hiroshima ស្ថិតនៅលើកោះ Honshu នៃភាគនិរតី ប្រទេសជប៉ុន។ ទីក្រុងមួយនេះមានប្រជាជន ១.១៧លាននាក់ បើតាមទិន្នន័យឆ្នាំ ២០១០ ហើយកាលពីឆ្នាំ១៩៤៥ ទីក្រុង Hiroshima មានប្រជាជនចន្លោះ ៣០០,០០០នាក់ ដល់ ៤២០,០០០នាក់។

* គ្រាប់បែកបរមាណូ

អតីតប្រធានាធិបតីអាមេរិក លោក Harry S. Truman បានបញ្ជាឱ្យយោធាអាមេរិកទម្លាក់ គ្រាប់បែកបរមាណូឈ្មោះ Little Boy លើទីក្រុង Hiroshima នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ដោយប្រើយន្ដហោះទម្លាក់គ្រាប់បែក B-29។

* ហេតុអ្វីបានជាសហរដ្ឋអាមេរិកទម្លាក់ Little Boy លើ Hiroshima?

ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកធ្វើការក្រោមផែនការ Manhattan Project បានធ្វើតេស្ដ ដោយជោគជ័យលើដំណើការនៃគ្រាប់បែកបរមាណូ នៅខែកក្កដា ឆ្នាំ១៩៤៥ បន្ទាប់ពីការ ដួលរលំនៃរបបណាហ្ស៊ី (Nazi) អាល្លឺម៉ង់នៅខែឧសភា។ ក្រោយមកទៀតលោក Truman បានបង្កើតគណៈកម្មាធិការទីប្រឹក្សាមួយ ដឹកនាំដោយរដ្ឋមន្ត្រីកិច្ចការសង្រ្គាមលោក Henry Stimson ដើម្បីពិរចាណាថា គួរតែទម្លាក់គ្រាប់បែកបរមាណូលើជប៉ុនដែរ ឬក៏យ៉ាងណា?

ដោយឡែក លោក Sam Rushay ជាអ្នកទទួលខុសត្រូវម្នាក់ប្រចាំបណ្ណាល័យ Harry S. Truman Presidential Library ក្នុងទីក្រុង Independence រដ្ឋ Missouri បានប្រាប់ CNN ថានៅកំឡុងពេលនោះ សមាជិកគណៈកម្មាធិការខាងលើភាគច្រើនលើសលប់បានគាំទ្រគំនិត ទម្លាក់គ្រាប់បែកបរមាណូលើប្រទេសជប៉ុន ដើម្បីបញ្ចប់សង្រ្គាមលោកលើកទី ២ ឱ្យបានឆាប់។

លើសពីនេះទៅទៀត បើតាមសាស្ត្រាចារ្យប្រវត្តិសាស្ត្រមកពីសាកលវិទ្យាល័យ Harvard លោក Charles Maier បើនៅពេលនោះសហរដ្ឋអាមេរិក មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ កងទ័ពជប៉ុននឹងមិនងាយចុះចាញ់សង្រ្គាមឡើយ ហើយសង្រ្គាមអាចនឹងអូសបន្លាយពេល ព្រោះកងទ័ពជប៉ុន គឺជាកងទ័ពប្ដូរផ្ដាច់មិនខា្លចស្លាប់។ ម្យ៉ាងវិញទៀតកងទ័ពអាមេរិកក៏មាន ការព្រួយបារម្ភផងដែរចំពោះ ការវាយប្រហារអត្តឃាតដោយពលីជីវិតរបស់កងទ័ពជប៉ុន ជាពិសេសនៅក្រោយការវាយប្រហារ លើមូលដ្ឋានទ័ពអាមេរិកនៅ Pearl Harbor ជាគំរូស្រាប់។

ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយមួយចំនួនយល់ថា សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង Hiroshima មិនមែនត្រឹមតែដើម្បីបញ្ចប់ សង្រ្គាមនោះទេ។ ពោលគឺសហរដ្ឋអាមេរិកខ្លាចរុស្ស៊ី វាយចូលគ្រប់គ្រងជប៉ុនបានមុន ហើយកងទ័ពអាមេរិកផ្ទាល់ក៏ចង់ដឹងផងដែរថា តើអាវុធនុយក្លេអ៊ែរដែលខ្លួន ផលិតបាន មានឥទ្ធិពលខ្លាំងកម្រិតណា។

* លទ្ធផលនៃការទម្លាក់គ្រាប់បែកបរមាណូ

ប្រជាជនជប៉ុនយ៉ាងហោចណាស់ ៧០,០០០នាក់ ត្រូវបានសម្លាប់ភា្លមៗនៅពេល Little Boy ធ្លាក់ដល់ដី ខណៈជិត ៧០,០០០នាក់ផ្សេងទៀត ស្លាប់ជាបន្តបន្ទាប់ដោយសារធាតុវិទ្យុសកម្ម នៅក្នុងទីក្រុង Hiroshima។ រីឯគ្រាប់បែកបរមាណូទី ២ ដែលទម្លាក់លើទីក្រុង Nagasaki នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ បានផ្ដាច់ជីវិតមនុស្សច្រើនជាង ៨០,០០០នាក់ ហើយជប៉ុន សុខចិត្តចុះចាញ់សង្រ្គាមនៅថ្ងៃទី១៤ ខែសីហា។

* តើប្រជាជនជប៉ុន និងអាមេរិកមានអារម្មណ៍បែបណា?

នៅឆ្នាំ២០១៥ ការស្ទង់មតិរបស់វិទ្យាស្ថាន Pew Research Center បានរកឃើញថា ប្រជាជនជប៉ុន ១៤ភាគរយ យល់ថាការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកគឺជា រឿងត្រឹមត្រូវ ខណៈ៧៩ភាគរយថាមិនត្រឹមត្រូវ។ បើតាមការស្ទង់មតិរបស់ វិទ្យាស្ថាន Gallup ដែលធ្វើឡើងភ្លាមៗបន្ទាប់ពីការទម្លាក់គ្រាប់បរមាណូឆ្នាំ១៩៤៥ ប្រជាជ អាមេរិករហូតដល់ទៅ ៨៥ភាគរយ គំាទ្រការសម្រេចចិត្តរបស់លោក Truman។

ប៉ុន្តែវិទ្យាស្ថាន Pew Research Center នៅក្នុងការស្ទង់មិតមួយកាលពីឆ្នាំ២០១៨ បានរក ឃើញថា ប្រជាជនអាមេរិកដែលគាំទ្រការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើជប៉ុន បានធ្លាក់មកនៅត្រឹម ៥៦ភាគរយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ