• ចិន២នាក់ បើករថយន្តយ៉ាងលឿន រេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

    (ភ្នំពេញ)៖ នៅយប់មិញនេះ មានជនជាតិចិន២នាក់ បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បុករបាំងថ្មចែកទ្រូងផ្លូវ នៅ២ករណីផ្សេងគ្នា។

    ករណីទី១៖ បុរសជនជាតិចិនម្នាក់ បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មដាក់ចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង តែសំណាងល្អអ្នកបើកបរមិនមានរងរបួស។

    ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ ចំណុចមុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

    ប្រភពព័ត៌មានពីកន្លែងកើត ហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿងម៉ាក CELICA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-1058 ធ្វើដំណើរតាមបណ្ដោយ ផ្លូវ២៨៩ក្នុង ទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ ចំពេញមួយទំហឹងបណ្តាលឲ្យបាក់រលំមួយកង់ ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងល្អអ្នកបើកបររថយន្តខាងលើ មិនមានរងរបួសនោះទេ ភ្លាមៗនោះគេឃើញអ្នកបើកបរ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបានត់ស្រមោលតែម្ដង។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។

    ករណីទី២៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តលឿនបួងចង្កូតមិនទាន់ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៖៥៥នាទីយប់ថ្ងៃទី០៥ខែសីហាឆ្នាំ២០១៩ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សសង្កាត់បឹងកេងកងទី២ខណ្ឌបឹងកេងកងក្រុងភ្នំពេញ។

    ប្រភពពត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-8832 ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវព្រះមុនីវង្ស លុះមកចំណុចកើតហេតុ រថយន្តខាងលើបានរេចង្កូតដោយបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករះរបាំងថ្មចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តបង្កវិញរងការខូចខាតខ្ទេចមួយកំណាត់មុខ និងបាក់ក្រឡេកង់ខាងស្ដាំទៅមុខលែងរួច។

    ភ្លាមៗនោះគេឃើញមានរថយន្ដជនជាតិចិនចំនួន២គ្រឿងទៀត បានមកដល់ ដើម្បីធ្វើការរំដោះខ្លួនជនជាតិចិន ដែលបើករថយន្តបង្ក តែបុរសជនជាតិចិនខាងលើត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងដឹកយកទៅប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ផងដែរ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ