កូរ៉េខាងជើង បាញ់ផ្លោងមីស៊ីលទៀតហើយ ជាលើកទី៣ក្នុងរយៈពេល៨ថ្ងៃនេះ

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល រយៈចំងាយខ្លីជាថ្មីនៅថ្ងៃសុក្រនេះ និងជាលើកទី៣ក្នុងរយៈពេល៨ថ្ងៃប៉ុណ្ណោះ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។

មីស៊ីលរយៈចំងាយខ្លីជាច្រើនគ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ប៉ុន្តែភ្លាមៗ មិនទាន់មានការ បញ្ជាក់ឱ្យច្បាស់ពីការធ្វើតេស្ដនេះនៅឡើយទេ ខណៈការបាញ់សាកល្បងមីស៊ីលជាថ្មី នេះគឺជាលើកទី៣ ក្នុងរយៈពេលតែ៨ថ្ងៃប៉ុណ្ណោះ។

កូរ៉េខាងជើង កាលពីថ្ងៃពុធ បានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីចំនួន២គ្រាប់ ដោយវាអាចហោះបានចំងាយ២៥០គីឡូម៉ែត្រ និងកាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ ទីក្រុងព្យុងយ៉ាង ក៏បានផ្លោងសាកល្បងមីស៊ីល២គ្រាប់ផងដែរ ដោយហោះបានចំងាយ ៦៩០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន។

គួរជម្រាបថា បើតាមកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដសុទ្ធតែជាមីស៊ីល ស៊េរីថ្មី មិនធ្លាប់បានឃើញពីមុនមកឡើយ ហើយការបាញ់សាកល្បងនេះទៀតសោត ត្រូវ បានគេមើលឃើញថាជាសារព្រមានចំពោះគំរោងធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅក្នុងខែសីហានេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ