• ក្រុមយុវជន​សំរាម​របស់​កម្ពុជា ទទួល​បាន​ការ​បំពាក់​ស័ក្តិ​ពី​ស្ថាប័ន GTO នៅ​ប្រទេស​ថៃ

    (ភ្នំពេញ)៖ មហាជនទូទៅប្រាកដជាបានស្គាល់យ៉ាងច្បាស់ហើយ ពីវត្តមានរបស់ក្រុមយុវជនសំរាម ដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីប្រមូលសំរាមនៅទីតាំងបឹងត្របែកលូទឹកស្អុយ ក្នុងគោលបំណងច្នៃទីតាំងនៅទីនោះ ឲ្យមានភាពល្អប្រសើរ និងមានបរិស្ថានល្អឡើងវិញ។ សកម្មភាពទាំងនេះ ទទួលបានការកោតសរសើរ និងលើកទឹកចិត្តជាច្រើន ពីមហាជនគ្រប់ស្រទាប់វណ្ណៈ ខណៈថ្មីៗនេះក្រុមយុវវជនសំរាម ដែលដឹកនាំដោយ សាន ដារ៉ាវីត ត្រូវបានស្ថាប័នមួយនៅប្រទេសថៃ គាំទ្រយ៉ាងខ្លាំង​ រហូតបំពាក់ស័ក្តិឲ្យ ដើម្បីបង្ហាញពីការជំរុញទឹកចិត្ត ក្រុមយុវជនសំរាម ឲ្យបន្តសកម្មភាពជួយសង្គមនេះតទៅទៀត ​ដើម្បីជាគំរូល្អសម្រាប់យុវជនទាំងឡាយក្នុងកិច្ចការងាររក្សាបរិស្ថាន។ ​

    ទន្ទឹមគ្នានេះ លោក សាន ដារ៉ាវីត ស្ថាបនិកយុវជនសំរាម បានបង្ហោះសារយ៉ាងដូច្នេះថា «ពួកយើងបានចូលរួមចែករំលែកនូវរឿងរ៉ាវ ដែលយើងបានធ្វើនៅកម្ពុជាក្នុងស្ថាប័ន GTO នៅប្រទេសថៃ។ ក្រៅពីការទទួលយ៉ាងកក់ក្តៅ ពួកយើងក៏បានទទួលនូវការបំពាក់ស័ក្តិកោតសរសើរ សម្រាប់ក្រុមយុវជន ដែលពិភពលោកត្រូវការ។ សង្ឃឹមថាប្រវត្តិសាស្រ្តមួយនេះ អាចឲ្យយុវជនយើងមានភាពក្លាហាន ក្នុងការចាប់ផ្តើមធ្វើអ្វីដែលជាក្តីស្រមៃពិតប្រាកដ។ សូមអរគុណបងប្អូនជនរួមជាតិ ពួកយើងស្រលាញ់អ្នក»។

    បើតាមប្រភពបានឲ្យដឹងថា ការបង្ហាញវត្តមានរបស់ក្រុមយុវជនសំរាម ក្នុងប្រទេសថៃលើកនេះ ដើម្បីធ្វើការជជែកជាមួយនឹងម្ចាស់រោងចក្រកែច្នៃសំរាមផ្លាស្ទិកនៅថៃ ដើម្បីតំឡើងនៅប្រទេសកម្ពុជា ជារោងចក្រច្នៃផ្លាស្ទិក ឲ្យក្លាយជាវត្ថុប្រើប្រាស់ផ្សេងៗ។ ក្រោយការស្នើរសុំ ក៏ដូចជាការពិភាក្សគ្នារួចមក ជាលិទ្ធផលក៏មានការយល់ព្រមពីសំណាក់ម្ចាស់រោងចក្រថៃ ដែលសំណាក់កាលនេះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គម បញ្ចេញនូវមតិសរសើរមិនដាច់ពីមាត់ ពីការខិតខំប្រឹកប្រែងរបស់ក្រុមយុវជនសំរាម។

    គួរជម្រាបថា ពេលកន្លងមក ក្រុមយុវជនសំរាម ក៏ធ្លាប់មានខាងសារព័ត៌មានជប៉ុន និង ទូរទស្សន៍ DW របស់ អាល្លឺម៉ង់ ចុះមកយកព័ត៌មាន និងសម្ភាសន៍ផ្ទាល់ ពីការប្រមូលសំរាម ព្រមទាំងផ្តិតយករូបភាពជាច្រើន ពីសកម្មភាពរបស់ក្រុមការងារយុវជនសំរាម ដែលកំពុងតែរើសសំរាម ដើម្បីសំអាតទីក្រុងទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ