• ៦ខែដើមឆ្នាំ២០១៩ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei កើនឡើងរហូតដល់២៣.២%

    (ប៉េកាំង)៖ ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនចិន Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមានចំនួន ៤០១.៣ពាន់លានយ័ន (ស្មើនឹង ៥៨.៣ពាន់លានដុល្លារអាមេរិក) នៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ដោយចំនួននេះមានការកើនឡើង «២៣.២ភាគរយ» ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់ពីប្រធានក្រុមហ៊ុនគឺលោក លៀង ហ្វ័រ (Liang Hua) ចុះផ្សាយ ដោយសារព័ត៌មាន CGTN នាព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

    បើគិតលើប្រាក់ចំណូលពីការលក់ស្មាតហ្វូនគ្រប់ប្រភេទប៉ុណ្ណោះ នៅក្នុងឆមាសទី ១ ឆ្នាំនេះមានចំនួន ២២០.៨ពាន់លានយ័ន (ជាង៣២ពាន់លានដុល្លារ) ជាប្រភេទទូរស័ព្ទស្មាតហ្វូនក្នុងនោះរួមទាំងទូរស័ព្ទម៉ាក Honor ផងដែរបានកើនឡើងរហូតដល់ ១១៨លានគ្រឿងស្មើនឹង ២៤ភាគរយលើសពីឆ្នាំមុន។ បន្ថែមពីនេះការលក់ផលិតផលផ្សេងទៀត ដូចជា Tablet, កុំព្យូទ័រ និងបរិក្ខានានាបានកើនឡើងយ៉ាងឆាប់រហ័ស។

    បន្ថែមពីផលិតផលឆ្លាតវៃខាងលើនេះ បច្ចុប្បន្នក្រុមហ៊ុន Huawei ក៏បានទទួលកិច្ចព្រមព្រៀងពាណិជ្ជកម្ម 5G ចំនួន ៥០ នៅទូទាំងពិភពលោកថែមទៀត។ ក្នុងនាមជាសហគ្រាសអាជីវកម្ម ក្រុមហ៊ុន Huawei នៅតែជាអ្នកផ្គត់ផ្គង់ដែលគួរឲ្យជឿទុកចិត្ត ទាំងសម្រាប់រដ្ឋាភិបាល និងអតិថិជន នៅក្នុងវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ថាមពល និងរថយន្ត ជាមួយនឹងប្រាក់ចំណូល ៣១.៦ពាន់លានយ័ន (ជិត៤.៦ពាន់លានដុល្លារ) នៅក្នុងឆមាសទី១ ឆ្នាំ២០១៩ នេះដែរ។

    គួរបញ្ជាក់ថា បើតាមប្រធានរបស់ Huawei ក្រុមហ៊ុនចិននេះគ្រោងបានវិនិយោគប្រាក់ចំនួន ១២០ពាន់លានយ័ន (១៧ពាន់លានដុល្លារ) សម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ជាទូទៅនៅក្នុងឆ្នាំនេះ។ ទោះបីជាទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក បានបង្កបញ្ហាជាច្រើន និងធ្វើឲ្យអថិតិជនមួយចំនួនព្រួយបារម្ភក្តី ប៉ុន្តែអ្នកជំនាញខ្លះមើលឃើញថា ពាណិជ្ជកម្មរបស់ Huawei ហាក់ដូចជាមិនបានរងទម្ងន់នេះខ្លាំងឡើយ ហើយការលក់ជារួមក៏ត្រូវបានគេរំពឹងថា នឹងនៅតែកើនឡើងថែមទៀតនៅដំណាច់ឆ្នាំ២០១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ