YouTube ចាត់វិធានការកាន់តែក្តៅគគុក ដើម្បីបិទចោលរាល់វីដេអូដែលបង្ហោះបំពានលើបទបញ្ជា…

(ប៉ារីស)៖ ប្រធានផ្នែកផលិតកម្មរបស់បណ្តាញសង្គម-កម្សាន្ត YouTube បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា វេទិកាចែករំលែកវីដេអូតាមយូធូប (The video-sharing platform YouTube) កំពុងតែព្យាយាមបិទចោល (Block) ក្រុមអ្នកផលិត និងចែកចាយវីដេអូដែលមានលក្ខណៈ រើសអើងជាតិសាសន៍ ស្អប់ខ្ពើម អំពើហិង្សា និងការផ្សព្វផ្សាយព័ត៌មានមិនពិត ខណៈក្រុមហ៊ុនស្ថិតក្រោមស្លាក Google មួយនេះកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ កាន់តែហ្មត់ចត់ជាងមុន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនារសៀលថ្ងៃចន្ទ ទី ២៩ ខែកក្កដា ឆ្នាំ ២០១៩។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអន្តរជាតិ លោក នាល ម៉ូហាន (Neal Mohan) ប្រធានផ្នែកផលិតកម្មរបស់ក្រុមហ៊ុនយូធ្យូប បានលើកឡើងយ៉ាងដូច្នេះថា «YouTube ឥឡូវនេះបានរីកចម្រើនប្រែក្លាយទៅជាទីក្រុងដ៏ធំមួយ ហើយតួរអង្គអាក្រក់ក៏មានកាន់តែច្រើនឡើងផងដែរ។ ដូច្នេះវាដូចជាទីក្រុងធំដទៃទៀតដែរ គឺតម្រូវឲ្យមានច្បាប់ទំលាប់ និងបទបញ្ញតិដ៏ច្បាស់លាល់ ដើម្បីងាយស្រួលគ្រប់គ្រង»។

គួរជម្រាបថា ការកើនឡើងនៃការដាក់សម្ពាធសាធារណៈទៅលើ YouTube និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត បានញ៉ាំងឱ្យពួកគេខិតខំកាត់បន្ថយទិដ្ឋភាពអវិជ្ជមាន ដើម្បីកុំឲ្យរដ្ឋាភិបាលចេញច្បាប់គ្រប់គ្រង កាន់តែតឹងរ៉ឹងជាងនេះទៀត។
របាយការណ៍មួយបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានឈានដល់ការត្រៀមបង់ប្រាក់ពិន័យរាប់លានដុល្លារ ទៅដល់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក ស្តីអំពីការរំលោភបំពានច្បាប់ឯកជនភាពរបស់កុមារនៅលើ YouTube ។

យ៉ាងណាមិញបណ្តាញសង្គម YouTube និងវេទិកាផ្សេងៗទៀតត្រូវបានគេមើលឃើញថា ជាជម្រកសម្រាប់អ្នកនិយមទ្រឹស្តីបោកប្រាស់ (conspiracy theory) ជាពិសេសពាក់ព័ន្ធនឹងការសម្លាប់រង្គាល ដោយអំពើភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ ក៏ដូចជាសម្រាប់ក្រុមណាហ្ស៊ី និងក្រុមជ្រុលនិយមស្បែកសជាដើម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ