លោក ស៊ុន ចាន់ថុល៖ ជិះកង់មើលផ្លូវមិនមែនធ្វើឲ្យប្លែកទេ គឺដើម្បីពិនិត្យបានកាន់តែច្បាស់

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជ្រើសយកវិធីជិះកង់ ដើម្បីពិនិត្យមើលគុណភាពផ្លូវដែលកំពុងសាងសង់ ឬសាងសង់រួចរាល់មុនទទួលយកពីក្រុមហ៊ុន។ ការជិះកង់មើលផ្លូវនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនសម្តែងការកោតសរសើរ តែមានប្រជាពលរដ្ឋមួយចំនួនបែរមើលឃើញថា ជារឿងធ្វើឱ្យតែល្អមើល ឬដើម្បីទាញចំណាប់អារម្មណ៍ជាដើម។

ក្នុងដំណើរជិះកង់ចុះពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៧ នៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការសម្រេចចិត្តជ្រើសយកវិធីជិះកង់មើលផ្លូវនេះ មិនមែនដើម្បីធ្វើឱ្យប្លែកពីគេ ឬដើម្បីទាញចំណាប់អារម្មណ៍នោះឡើយ។ តែការជិះកង់នេះធ្វើឱ្យរូបលោកពិនិត្យគុណភាពផ្លូវបានកាន់តែច្បាស់លាស់។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះ «ចង់ជម្រាបថា យើងខ្ញុំជិះកង់នេះ មិនមែនមានន័យថា ធ្វើឱ្យប្លែកពីគេទេ អត់មានអ៊ីចឹងទេណា។ ជិះកង់នេះ ទើបខ្ញុំមើលឃើញផ្លូវបែកអ៊ីចឹង បើពេលចូលឡាន ឡានបើកលឿនមើលអត់ឃើញ ហើយអ្នកខ្លះចូលឡានកេងលក់បាត់អស់ហើយក្នុងឡាននោះ មើលផ្លូវម៉េចកើតបើកេងលក់អស់ហើយ។ មានតែធាក់កង់ ឬដើរទេ ឥឡូវឃើញជាក់ស្តែង បើខ្ញុំអត់ធាក់កង់ទេ ខ្ញុំមើលអត់ឃើញទេកន្លែងបែកនេះ។ អ៊ីចឹងខ្ញុំណែនាំមន្ត្រី មន្ទីរក៏ដូចគ្នា មន្ទីរក៏ត្រូវធាក់កង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសក៏ធាក់កង់ ក្រុមហ៊ុនសាងសង់ក៏ត្រូវធាក់កង់ ឬដើរមើល»។

បើទោះបីមានការយល់ឃើញពីសំណាក់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយនោះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា លោកនឹងនៅតែបន្តចុះពិនិត្យផ្លូវដោយជិះកង់ ឬដើរ ដើម្បីឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការសាងសង់ផ្លូវ និងបង្ហាញក្រុមហ៊ុនថា ក្រសួងមិនព្រងើយកន្តើយចំពោះការពិនិត្យទៅលើគុណភាពផ្លូវដែលពួកគេសាងសង់នោះឡើយ។

ក្នុងឱកាសចុះពិនិត្យលើគុណភាពនៃការសាងសង់កំណាត់ផ្លូវជាតិលេខ៧នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឆ្លៀតបញ្ជាក់ផងដែរចំពោះមតិសាធារណជនដែលបានលើកឡើងថា ពេលកំពុងសាងសង់ផ្លូវមិនព្រមចុះពិនិត្យ រហូតដល់ផ្លូវធ្វើហើយទើបពិនិត្យ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការពិនិត្យគុណភាពផ្លូវនេះបានធ្វើឡើងជាហូរហែតាំងពីដំណាក់កាលសាងសង់ដំបូង រហូតដល់សាងសង់រួចរាល់។

លោករដ្ឋមន្ត្រីបន្តបញ្ជាក់បន្ថែមថា ព្រោះតែដើម្បីឱ្យប្រាកដថា ផ្លូវមានគុណភាពល្អ ត្រឹមត្រូវតាមកិច្ចសន្យានេះហើយ ទើបលោកត្រូវពិនិត្យហើយ ពិនិត្យទៀតឱ្យបានល្អិតល្អន់ជាទីបំផុតមុននឹងចុះហត្ថលេខាទទួលផ្លូវពីក្រុមហ៊ុន។ លោកទេសរដ្ឋមន្ត្រី បានអះអាងថា ប្រសិនបើផ្លូវសាងសង់មិនបានល្អ មិនត្រឹមត្រូវទៅតាមកិច្ចព្រមព្រៀងលោកមិនចុះហត្ថលេខាទទួលផ្លូវនោះឡើយ។

សូមបញ្ជាក់ថា ផ្លូវជាតិដែលសាងសង់ដោយកម្ចី ឬជំនួយពីបណ្តាប្រទេសជាមិត្ត ឬអង្គការដៃគូអភិវឌ្ឍន៍ នីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស គឺត្រូវធ្វើឡើងដោយប្រទេស ឬអង្គការដៃគូអភិវឌ្ឍន៍ដែលផ្តល់កម្ចី ឬជំនួយនោះដោយផ្ទាល់ រួមទាំងការបើកប្រាក់ឈ្នួលផងដែរ។ ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាអ្នកត្រួតពិនិត្យទៅលើគុណភាព ហើយនៅពេលពិនិត្យឃើញថា ផ្លូវនោះសាងសង់ត្រឹមត្រូវតាមបច្ចេកទេស និងមានគុណភាពត្រឹមត្រូវហើយទើបចុះហត្ថលេខាទទួលពីក្រុមហ៊ុន៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ