• ចេកអំបូងលឿងកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារចិន កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន

    (ភ្នំពេញ)៖ លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ចេកអំបូងលឿងរបស់ប្រទេសកម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន។

    ការបញ្ជាក់បែបនេះរបស់លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតចិន បានធ្វើឡើងក្នុងឱកាសដែលចូលជួបសម្ដែងគួរសម និងជម្រាបលាលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មនៅ កម្ពុជា និងណែនាំលោក Wu Guoquan ដែលនឹងមកបំពេញភារកិច្ចជំនួសលោកវិញ។

    ជំនួបខាងលើនេះ រៀបចំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ០៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

    លោករដ្ឋមន្ត្រី វេង សាខុន បានផ្ញើជូនប្រជាជន និងរដ្ឋាភិបាលចិន នូវអំណរអរគុណជាអនេក ចំពោះការជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន និងជាពិសេស តាមរយៈគោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយរបស់រដ្ឋាភិបាលចិន បានជួយឧបត្ថម្ភ គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

    លោករដ្ឋមន្ដ្រីបន្ដថា វិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតា នាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារចិន ដល់ទៅ៤០ម៉ឺនតោន ហើយថ្មីៗ បានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿង ឆ្ពោះដោយត្រង់ទៅកាន់ទីផ្សារចិនផងដែរ។

    លោករដ្ឋមន្រ្តីក៏បានស្នើឲ្យភាគីចិន សហការជាមួយក្រសួង និងគ្រប់ភាគីពាក់ព័ន្ធពិនិត្យ និងជំរុញចំពោះការនាំចេញផលិតផលពោតពីកម្ពុជា។

    លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា តាមរយៈចំណងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងប្រជាជន និងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀតដើម្បីកសាង និងអភិវឌ្ឍប្រទេស។

    លោក លី អាន បានសម្តែងនូវអំណរគុណ ចំពោះពេលវេលារបស់លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោក និងក្រុមការងារចូលជួបនាពេលនេះ និងជាពិសេសចំពោះកិច្ចសហការយ៉ាងល្អប្រសើរ ដែលលោករដ្ឋមន្ត្រី និងសហការី បានផ្តល់ឲ្យលោក ក្នុងឱកាសដែលលោកបំពេញបេសកកម្មនាពេលកន្លងមក។

    លោក លី អាន ក៏បានសារទរចំពោះការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិន ហើយបានបញ្ជាក់ថា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន។

    លោកថា ក្រៅពីនេះការសិក្សាអំពីនីតិវិធីច្បាប់ និងបច្ចេកទេស ដើម្បីធ្វើការនាំចេញផ្លែស្វាយ និងមានទៅកាន់ទីផ្សារចិន គឺភាគីទាំងពីរ បាននិងកំពុងចរចារយ៉ាងសកម្ម ហើយសង្ឃឹមថា នឹងអាចចាប់ផ្តើមធ្វើការនាំចេញ កសិផលទាំងនោះ ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះផ្លែស្រកានាគ ម្រេច និងទឹកមាត់ត្រចៀកកាំ គឺកំពុងរៀបចំឯកសារបច្ចេកទេស និងត្រៀមធ្វើការចរចារ។

    លោក លីអាន សង្ឃឹម និងជឿជាក់ថា កិច្ចសហការនេះនឹងត្រូវបន្តបង្កើន និងពង្រឹងបន្ថែមទៀត ក្នុងអាណត្តិរបស់លោក Wu Guoquan និងសហការី ដោយភាគីចិនគាំទ្រ និងបន្តផ្តល់ការគាំទ្រដល់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ