• ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក ជឿជាក់​កម្ពុជា នឹង​ជោគជ័យ​ក្នុង​​ការធ្វើ​​ម្ចាស់ផ្ទះ​ជើងឯក​ពិភពលោក លើកទី១

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និង កីឡា បានអនុញ្ញាតឲ្យលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោកជួបសំណេះសំណាលនៅទីស្ដី ការក្រសួងអប់រំ និងបានជជែកអំពីការងារមួយចំនួន ជុំវិញការប្រកួត​កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកលើកទី១ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនាខែវិច្ឆិកា។

    ក្នុងឱកាសនោះដែរ លោក Claude Azema បានអះអាង ចំពោះលោករដ្ឋមន្ដ្រី ដោយជឿជាក់ថា កម្ពុជានឹងទទួលបានលទ្ធផលល្អក្នុងការធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក កម្ពុជាទើបទទួលបានសិទ្ធិលើកដំបូងក៏ដោយ។ ការថ្លែងបែបនេះ ដោយសារលោកមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសហព័ន្ធកីឡាប៉េតង់កម្ពុជា បន្ទាប់ពីលោកបានធ្វើដំណើរមកកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសនាពេលកន្លងមក។

    ទន្ទឹមជាមួយគ្នា លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណ ចំពោះប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោកខាងលើ ដែលផ្ដល់សិទ្ធិធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកដល់កម្ពុជា និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ដោយចំណាយពេលវេលាដ៏មានតម្លៃ ធ្វើដំណើរទស្សនកិច្ចជាញឹកញាប់មកកម្ពុជា ពិសេសលោកបានបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសផ្ទាល់ ដល់អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមបំពេញភារកិច្ចក្នុងការប្រកួតជើងឯកពិភពលោកនាពេលឆាប់ៗខាងមុខទៀតផង។

    គួរដឹងថា នេះគឺជាលើកទី៣ ហើយ ដែលលោក Claude Azema មកកម្ពុជា ក្រោយសហព័ន្ធកីឡាប៉េតង់ពិភពលោក បានផ្ដល់សិទ្ធិឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ពិភពលោក ឆ្នាំ២០១៩ នាខែវិច្ឆិកាខាងមុខ។ ដំណើរទស្សនកិច្ចលើកនេះ ក្រៅពីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកក៏នឹងបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស ពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដូចជាទីលានប្រកួត និងកន្លែងស្នាក់នៅ សម្រាប់ទទួលភ្ញៀវ ដែលត្រូវមកប្រកួតជើងឯកពិភពលោកកម្ពុជាផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ