• Huawei ប្រកាសថា ប្រព័ន្ធប្រតិបត្តិការ Hongmeng មិនមែនសម្រាប់ស្មាតហ្វូនទេ ហើយនឹងបន្តប្រើ Android របស់ Google ដដែល

    (ព្រុចសែល)៖ លោកស្រី Catherine Chen ដែលជាសមាជិកគណៈប្រឹក្សាភិបាល និងជាអគ្គនាយករងនៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei នាថ្ងៃព្រហស្បតិ៍បានធ្វើការបកស្រាយបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Hongmeng ដែល Huawei កំពុងអភិវឌ្ឍឡើងនោះ គឺមិនមែនសម្រាប់ដំណើរការនៅលើស្មាតហ្វូនឡើយ ហើយក្រុមហ៊ុននឹងនៅតែចង់បន្តប្រើប្រតិបត្តិការ Android របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google ដដែល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

    អំឡុងប៉ុន្មានខែចុងក្រោយនេះ ជាពិសេសបន្ទាប់ពីក្រុមហ៊ុន Huawei ត្រូវបានរដ្ឋាភិបាលអាមេរិកកត់ឈ្មោះចូលទៅក្នុងបញ្ជីខ្មៅ មានសេចក្តីរាយការណ៍ព័ត៌មានជាច្រើន បាននិយាយអំពីប្រព័ន្ធប្រតិបត្តិការ Hongmeng ដែលនឹងអាចក្លាយជាជម្រើសជំនួសឲ្យ ប្រព័ន្ធប្រតិបត្តិការ Android នៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ស៊េរីក្រោយៗ ដោយសារតែការកត់ឈ្មោះចូលបញ្ជីខ្មៅនោះ ដាក់កំហិតលើកិច្ចសហប្រតិបត្តិការអាជីវកម្មរវាង Google ដែលជាក្រុមហ៊ុនរបស់អាមេរិក ហើយនិងក្រុមហ៊ុន Huawei របស់ប្រទេសចិន។

    គួរជម្រាបថា យ៉ាងណាមិញ នាពេលនេះបើតាមលោកស្រី Chen ប្រព័ន្ធប្រតិបត្តិការ Hongmeng មិនមែនត្រូវបានរចនាឡើង ដើម្បីដំណើរការនៅលើស្មាតហ្វូននោះទេ ខណៈក្រុមហ៊ុនលោកស្រី នៅតែមានបំណងចង់បន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដដែល នៅលើស្មាតហ្វូនរបស់ Huawei ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថា Hongmeng OS ដែលទើបចុះបញ្ជីនិក្ខិតសញ្ញានាពេលថ្មីៗនេះ ត្រូវបានអភិវឌ្ឍឡើងដើម្បីប្រើប្រាស់នៅលើឧបករណ៍អ្វីខ្លះឡើយ។

    កាលពីខែមិថុនាកន្លងទៅ ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមបន្ធូរបន្ថយការដាក់កំហិតលើក្រុមហ៊ុន Huawei វិញ ដោយនឹងអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុនអាមេរិក បន្តទំនាក់ទំនងអាជីវកម្មខ្លះៗឡើងវិញជាមួយ Huawei ប៉ុន្តែមិនទាន់សម្រេចដកក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ ចេញពីបញ្ជីខ្មៅទាំងស្រុងឡើយ បន្ទាប់ពីបានដាក់កាលពីខែឧសភា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ