• ប្រទេសកាណាដា គ្រោង​ទិញ​សម្លៀកបំពាក់​ពី​កម្ពុជា ក្នុងតម្លៃ​ជាង ៩១​លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០១៩-២០២០

    (​ភ្នំពេញ​)៖ ប្រទេស​កាណាដា មាន​គម្រោង​ទិញ​ផលិតផល​សម្លៀកបំពាក់​ពី​កម្ពុជា ក្នុងតម្លៃ​ទឹកប្រាក់​ជាង ៩១​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១៩ និង​២០២០ ដែល​ខ្ពស់ជាង​ការបញ្ជាទិញ​ពី​ប្រទេស​ចិន នេះ​បើតាម​ការ​ឱ្យដឹងពី​តំណាង​ក្រុមហ៊ុន Reitman’s Global Sourcing on Garment ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។

    ​នៅក្នុង​ជំនួប​ជាមួយ លោក​ឱក ប៊ុង រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ លោក​ហ្គា​រី រ៉ូ​ស (Gary Ross) ប្រធាន​ក្រុមហ៊ុន Reitman បានបង្ហាញ​សុទិដ្ឋិនិយម ចំពោះ​វឌ្ឍនភាព​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា និង​បាន​កោតសរសើរ​ចំពោះ​កំណែទម្រង់​មុត​ស្រួច ព្រមទាំង​វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា តាមរយៈ​ការធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​។​

    ​លោក​ប្រធាន​ក្រុមហ៊ុន​រូបនេះ ក៏បាន​ថ្លែងអំណរគុណ​ក្រសួងពាណិជ្ជកម្ម ដែលជា​និច្ច​ជា​កាល​តែង​ផ្តល់​កិច្ចសហការ សម្របសម្រួល​ការបញ្ជា​ទិញ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន និង​តែង​ឆ្លើយតប​យ៉ាង​វិជ្ជមាន​ចំពោះ​ក្តីកង្វល់ និង​សំណូមពរ​នានា របស់​ភាគី​កាណាដា​។​

    ​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី​ស្ដីទី ឱក ប៊ុង បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ហ្គា​រី រ៉ូ​ស ដែល​បានផ្តល់​ទំនុកចិត្ត​មកលើ​ការដឹកនាំ​របស់​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា ជាពិសេស​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ដំណើការ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-​កាណាដា ដែល​គាំទ្រ​ដោយ​ប្រទេស​ទាំងពីរ​។​

    ​លោក​រដ្ឋមន្ត្រី​ស្ដីទី ក៏បាន​ជម្រាប​ភាគី​កាណាដា អំពី​វឌ្ឍនភាព​សេដ្ឋកិច្ច និង​កំណើន​នាំចេញ​របស់​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុងក្រោយ ដែល​បាន​កើន​ចាប់ពី​ទឹកប្រាក់ ១​ប៊ី​លាន​ដុល្លារ​អាមេរិក (២០០១) ដល់ ១៣​ប៊ី​លាន​ដុល្លារ​អាមេរិក (២០១៨) ព្រមទាំង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការបន្ត​គាំទ្រ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរឡើង​នៅ​កម្ពុជា (BFC) របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដើម្បី​លើកស្ទួយ​លក្ខខណ្ឌ​ការងារ​នៅក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់​។​

    ​សូមជម្រាបថា Reitman គឺជា​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​ដ៏​ធំ​របស់​កាណាដា ដែល​បានធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម ជាមួយ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០២-២០០៣ ហើយ​កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​មួយ​នេះ បាន​បញ្ជា​ទិញ​ផលិតផល​សម្លៀកបំពាក់​ពី​រោងចក្រ​ចំនួន ១៤ នៅ​កម្ពុជា ក្នុងតម្លៃ​ជា​ទឹកប្រាក់ ៦៦​លាន​ដុល្លារ​អាមេរិក ផងដែរ ​៕​

    ប្រភព៖​CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ