• ស៊ែចែកគ្នាដឹង! ហេតុផល ដែលប្រទេសមួយចំនួន ដូចជាកម្ពុជា បើកបរប្រកាន់ស្តាំ និងមួយចំនួនទៀតប្រកាន់ឆ្វេង

    តើអ្នកឆ្ងល់ទេថា ហេតុអ្វីប្រទេសមួយចំនួនបើកបរប្រកាន់ឆ្វេង​ និងមួយចំនួនបើកបរប្រកាន់ស្តាំ? រឿងរ៉ាវទាំងនេះវាមានទាក់ទងទៅនឹង ដាវ សេះ និង ណាប៉ូឡេអុង៖

    ៣៥% នៃប្រទេសទាំងអស់នៅលើពិភពលោកបើកបរដោយប្រកាន់ឆ្វេង (រថយន្តចង្កូតស្តាំ) រីឯ៦៥%ភាគរយទៀតបើកបរដោយប្រកាន់ស្តាំ (រថយន្តចង្កូតឆ្វេង) ហើយប្រទេសភាគច្រើនដែលបើកបរប្រកាន់ឆ្វេងធ្លាប់ស្ថិតក្រោមអាណានិគមចក្រភពអង់គ្លេស។

    បៃតង៖ ប្រទេសដែលប្រកាន់ស្តាំ (ចង្កូតឆ្វេង) និង ទឺកក្រូច៖ ប្រទេសដែលប្រកាន់ឆ្វេង (ចង្កូតស្តាំ)

    ពីដើមឡើយនៅស្ទើរគ្រប់ទីកន្លែងលើពិភពលោក គេធ្វើដំណើរដោយប្រកាន់ឆ្វេងដោយសារតែមនុស្សភាគច្រើននៅសម័យបុរាណជិះសេះ ដោយទុកដាវនៅខាងឆ្វេងដៃ និង ប្រើប្រាស់ដៃខាងស្តាំដើម្បីងាយស្រួលដកដាវយកមកប្រយុទ្ធគ្នា កាលបើពើបប្រទះនឹងសត្រូវនៅតាមដងផ្លូវដែលតំរូវអោយមានភាពងាយស្រួលនិង រហ័ស ក្នុងការជិះសេះបណ្តើរ កាន់ដាវប្រយុទ្ធបណ្តើរ។

    នៅប្រទេសបារាំងពីដើមគេបានកំណត់អោយអ្នកមាន និង មន្រ្តីធំៗ ធ្វើដំណើរនៅខាងឆ្វេង ហើយអោយរាស្រ្តសាមញ្ញធ្វើដំណើរនៅខាងស្តាំ តែក្រោយពីបដិវត្តន៍ផ្តួលរលំរបបសក្តិភូមិឆ្នាំ១៧៩៣មក មនុស្សគ្រប់គ្នាបានធ្វើដំណើរដោយប្រកាន់ស្តាំទាំងអស់គ្នា ដើម្បីអោយស្មើរភាពគ្នា ហើយប្រការនេះត្រូវបានអធិរាជណាប៉ូឡេអុង នៅកំឡុងសម័យសង្រ្គាមណាប៉ូលេអុងកាន់កាប់អឺរ៉ុប (១៨០៣ ដល់ ១៨១៥) កំណត់អោយស្ទើរគ្រប់ប្រទេសនៅទ្វីបអឺរ៉ុបដែលទ្រង់បានទន្ទ្រានកាន់កាប់អោយប្រកាន់ស្តាំតាមប្រទេសបារាំងដែរ រួមទាំងប្រទេសទាំងឡាយ ដែលក្រោយមកស្ថិតក្រោមអាណានិគមបារាំង ដូចជាប្រទេសកម្ពុជា វៀតណាម ឡាវជាដើមដែលសុទ្ធសឹងប្រកាន់ស្តាំ។

    ក៏ប៉ុន្តែចក្រភពអង់គ្លេសដែលចង់បង្ហាញអំពីឥទ្ធពលរបស់ខ្លួន ហើយប្រឆាំងនឹងណាប៉ូឡេអុង បានកំណត់អោយប្រទេសទាំងឡាយស្ថិតដែលក្រោមអាណានិគមខ្លួន បើកបរដោយប្រកាន់ឆ្វេង ទើបសព្វថ្ងៃមានដូចជា ប្រទេសឥណ្ឌា អូស្រា្តលី ក្រុងហុងកុង និង ប្រទេសជាច្រើននៅទៀតនៅទ្វីបអាព្រិចបើកបរដោយប្រកាន់ឆ្វេង លើកលែងចេញតែសហរដ្ឋអាមេរិកចេញ ដែលក្រោយទទួលបានឯករាជ្រពីអង់គ្លេស បានព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីផ្លាស់ប្តូរនូវអ្វីដែលជាកំអែលអាណានិគមរួមទាំងការបើកបរផងដែរ ដោយប្តូរមកធ្វើដំណើរដោយប្រកាន់ស្តាំវិញ។

    ចំណែកឯប្រទេសថៃ និង ជប៉ុនថ្វីត្បិតតែមិនធ្លាប់ស្ថិតនៅក្រោមអាណានិគមប្រទេសណាក៏ដោយ តែមូលហេតុដែលបណ្តាលអោយប្រទេសទាំងពីរនេះបើកបរដោយប្រកាន់ឆ្វេងដូចអង់គ្លេសដែរ គឺដោយសារតែ នាដើមស.វ.ទី២០ ប្រទេសទាំងពីរនេះមានទំនាក់ទំនងពានិច្ចកម្ម និង ការទូត យ៉ាងជិតស្និតជាមួយនឹងចក្រភពអង់គ្លេស ហើយម្យ៉ាងទៀតរថយន្តដំបូងៗដែលចរាចរណ៍នៅប្រទេសថៃគឺនាំចូលមកពីអង់គ្លេសដែលប្រើប្រាស់ចង្កូតស្តាំ និង នៅប្រទេសជប៉ុនខ្សែររថភ្លើងដំបូងបំផុត ត្រូវបានកសាងឡើងដោយចក្រភពអង់គ្លេស។

    ទោះជាយ៉ាងណាមានប្រទេសជាច្រើនបានព្យាយាមផ្លាស់ប្តូរ ពីការបើកបរដោយប្រកាន់ឆ្វេង មកប្រកាន់ស្តាំវិញ ដូចជា ប្រទេសស៊ុយអែតបានផ្លាស់ប្តូរពីឆ្វេងមកប្រកាន់ស្តាំនៅឆ្នាំ១៩៦៣ ដើម្បីអោយស្របនឹងប្រទេសនានានៅអឺរ៉ុប និង ប្រទេសកោះសាវមូអា បានផ្លាស់ប្តូរពីឆ្វេងមកប្រកាន់ស្តាំនៅឆ្នាំ២០០៩។ ទំនោរបើកបរប្រកាន់ស្តាំក៏បណ្តាលមកពីឥទ្ធពលរបស់សហរដ្ឋអាមេរិកផងដែរ ដោយសារតែមួយឆ្នាំៗ សហរដ្ឋអាមេរិកបាននាំចេញរថយន្តជាច្រើនលានគ្រឿង ទៅលើទីផ្សារលើពិភពលោក ដែលបំពាក់ដោយចង្កូតឆ្វេងងាយស្រួលដល់ការបើកបរប្រកាន់ស្តាំ៕

    ប្រទេសស៊ុយអែត នៅថ្ងៃដែលផ្លាស់ប្តូរពីប្រកាន់ឆ្វេងមកស្តាំ (១៩៦៣)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ