SpaceX បញ្ជាក់ពីកត្តាដែលបង្កឲ្យយាន Crew Dragon ផ្ទុះឆេះពេលធ្វើតេស្ត

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិកគឺ SpaceX បានឲ្យដឹងថា មូលហេតុនៅពីក្រោយការផ្ទុះឆេះយានអវកាស Crew Dragon កំឡុងការធ្វើតេស្តគ្រឿងម៉ាស៊ីនរបស់វា កាលពីខែមេសាកន្លងទៅនេះ ទំនងជាបណ្តាលការជ្រាបចូលនៃសារធាតុដែលអាចបង្កចំហេះ ទៅក្នុងប្រព័ន្ធម៉ាស៊ីនរបស់យាននោះ។ នេះបើតាមការដកស្រង់ការផ្សាយពីវែបសាយ Space News នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។

កាលពីថ្ងៃទី២០ ខែមេសា ក្រុមហ៊ុន SpaceX បានធ្វើការបញ្ឆេះសាកល្បងនូវម៉ាស៊ីនសម្រាប់បំពាក់លើយាន Crew Dragon ក្នុង នោះមានម៉ាស៊ីនតូចៗឈ្មោះ Draco និងម៉ាស៊ីនធំៗហៅថា SuperDraco។ បើតាមការបញ្ជាក់របស់ SpaceX រាល់ម៉ាស៊ីន Draco ត្រូវបានធ្វើតេស្តដោយជោគជ័យ ប៉ុន្តែពេលរៀបនឹងបញ្ឆេះម៉ាស៊ីនធំ SuperDraco ហេតុការណ៍ផ្ទុះឆេះក៏បានកើតឡើងតែម្តង។

យ៉ាងណាមិញ ហេតុការណ៍នោះពុំបានបង្កឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។ ក្រោយការស៊ើបអង្កេតអស់ប៉ុន្មានខែកន្លងមក ឥឡូវនេះក្រុមហ៊ុន SpaceX បានបង្ហើបឲ្យដឹងថា មូលហេតុអាចមកពីសន្ទះក្បាលវ៉ាល់ដែលទំនងជាបានខូច ហើយធ្វើឲ្យមានការជ្រាបនៃសារធាតុបង្កចំហេះ ពីខាងក្រៅចូលទៅក្នុងប្រព័ន្ធរបស់យាន Crew Dragon ពេលកំឡុងធ្វើតេស្តនោះ។

គួរជម្រាបថា មុនការធ្វើតេស្តខាងលើ គ្រឿងម៉ាស៊ីន Draco និង SuperDraco ត្រូវបានប្រើប្រាស់ក្នុងបេសកកម្មហោះហើរសាកល្បង ហៅថា Demo-1 នៃយាន Crew Dragon ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS កាលពីខែមីនា ឆ្នាំ២០១៩ ហើយចុះ ត្រឡប់មកវិញដោយជោគជ័យ។

យ៉ាងណាមិញ ក្រោយមានបញ្ហាបែបនេះ វាបានធ្វើឲ្យប៉ះពាល់ដល់គម្រោងធ្វើតេស្តមួយចំនួន ទៀត រួមមានការធ្វើតេស្តប្រភេទ in-flight abort ដែលជាការផ្តាច់យានពីគ្រាប់រ៉ុក្កែត នៅពេលបេសកកម្មអាចឡើងដល់ទីអវកាស ដូចគោលដៅ និងគម្រោងបេសកកម្មសាកល្បង Demo-2 ដែលជាការបញ្ជូនអវកាសយានិកពីរនាក់ឲ្យជិះយាន Crew Dragon ឡើងទៅកាន់ស្ថានីយអវកាស និងចុះមកវិញ។ គម្រោងធ្វើតេស្តទាំងនេះ បច្ចុប្បន្នមិនទាន់ត្រូវបាន SpaceX បញ្ជាក់ថា នឹងត្រូវ លើកទៅធ្វើឡើងនៅពេលណាវិញឡើយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ