• ពេជ្រ រ៉ូហ្សា ដាច់​ចិត្ត​សុំក្ដី​មេត្តា ពីមិត្ត​រួម​អាជីព និង​សប្បុរស​ជន​នានា ដើម្បីព្យាបាលជំងឺ

    (ភ្នំពេញ)៖ កាលពីថ្មីៗនេះ ដំណឹងគួរឲ្យសង្វែគ អតីតតារាសម្ដែង និងជាតារាចម្រៀង ដ៏មានទេពកោសល្យ អ្នកនាង ពេជ្រ រ៉ូហ្សា ហៅស្រីពេជ្រ កំពុងតែមានជីវភាពធ្លាក់ដុនដាប រុំព័ទ្ធដោយជំងឺមួយចំនួន និងសំងំនៅក្នុង ផ្ទះជួលមួយកន្លែងពីរនាក់កូនស្រី ដោយទ្រាំនឹងជំងឺរួមរឹតកាយលែងបាន ធ្វើឲ្យអតីតតារាសម្ដែងដែលធ្លាប់មាន ប្រជាប្រិយភាពរូបនេះ ដាច់ចិត្តសុំក្ដីមេត្តា និងសុំជំនួយពីមិត្តរួមអាជីព ក៏ដូចជាសមាគមន៍អ្នកសិល្បៈ និងសប្បុរសជន ដើម្បីព្យាបាលជំងឺ។

    ជាការពិតណាស់ បច្ចុប្បន្ននេះ អ្នកនាង ពេជ្រ រ៉ូហ្សា ត្រូវបានគេដឹងថា នាងកំពុងតែមានបញ្ហាជំងឺជាច្រើនមុខ ខណៈដែលគ្មានលទ្ធភាពក្នុងការព្យាបាល ដោយសារគ្រួសារមានជីវភាពទីទ័លក្រជាខ្លាំង ដោយការងារសិល្បៈ ក៏ត្រូវបានផ្អាករាប់ឆ្នាំ និងគ្មានចំណូលអ្វីជាដុំកំភួន សម្រាប់ទ្រទ្រង់កម្រិតជីវភាពគ្រួសារឡើយ។ ម្យ៉ាងវិញទៀត កូនស្រីអាយុ៩ឆ្នាំម្នាក់ ក៏មិនបានចូលរៀនក្នុងសាលា ដូនកូនអ្នកទូទៅដែរ ព្រោះតែគ្មានថវិកាបង់ថ្លៃសាលា។

    អតីតតារាចម្រៀង និងសម្ដែង អ្នកនាង ពេជ្រ រ៉ូហ្សា ហៅស្រីពេជ្រ បានថ្លែងរៀបរាប់ប្រាប់ទាំងសំឡេងខ្សឹបខ្សួលថា ជាការពិតសព្វថ្ងៃនេះ អ្នកនាងកំពុងរស់នៅ ក្នុងស្ថានភាពលំបាកជា ទីបំផុត ដោយសារតែក្នុងខ្លួន បានស្ពាយជាប់នូវជំងឺច្រើនមុខ មានដូចជាជំងឺបេះដូង ក្រពះ ពោះវៀន ហើយពេលនេះអ្នកនាងកំពុងតែមានស្ថានភាពហើមជើងទាំងពីរ ដើរទៅណាមិនរួចនោះទេ។

    ដូច្នេះហើយ ទើបនាងដាច់ចិត្ត លើកដៃសុំជំនួយពីមិត្តរួមអាជីព ដែលធ្លាប់លេងកំប្លែង និងសម្ដែងជាមួយគ្នា ដែលមានដូចជា ក្រុមកំប្លែង នាយកុយ នាយក្រឹម នាយឃ្លោកជាដើម ជាពិសេសសមាគមអ្នកសិល្បករខ្មែរ និងសប្បុរសជននានា មេត្តាផ្ដល់ជាជំនួយជួយដល់នាងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារនាងផង។

    ជាមួយគ្នានេះកន្លងមក គេសង្កេតឃើញមាន សមាគមសិល្បករខ្មែរ ក៏ដូចជាសប្បុរសជនដែលធ្លាប់ស្គាល់នាង បានជួយ ដល់គ្រួសារអតីតតារារូបនេះដែរ ក្នុងនោះអ្នកនាង ពេជ្រ រ៉ូហ្សាក៏បានថ្លែងអំណរគុណដល់សប្បុរសជន ទាំងអស់ ដែលបានផ្ដល់ក្ដីមេត្តា ហើយនាងពិតជាអរគុណ និងដឹងគុណអស់មួយជីវិត។

    គួរជម្រាបថា អ្នកនាង ពេជ្រ រ៉ូហ្សា ហៅស្រីពេជ្រជាតារាស្រីម្នាក់ធ្លាប់មាន ឈ្មោះល្បី កាលពីអំឡុងឆ្នាំ២០០០ ដោយបានចាប់ដៃគូសម្ដែង ក្នុងក្រុមកំប្លែងនាយក្រឹម និងច្រៀងតាមឆាក តន្រ្តីរបស់ស្ថានីយទូរទស្សន៍នានា។ ងាកមកជីវិតឯកជនរបស់នាងវិញ គឺអ្នកនាងបានបែកបាក់ស្វាមីជាយូរឆ្នាំ មកហើយ ព្រោះតែការរស់នៅមិន ចុះសម្រុងនឹងគ្នា ដោយបន្សល់ទុកនូវកូនស្រីម្នាក់ មានវ័យ៩ឆ្នាំ រស់នៅជាមួយអ្នកនាងសព្វថ្ងៃនេះ ហើយបច្ចុប្បន្ន អ្នកនាង ពេជ្រ រ៉ូហ្សា ក៏មានជំងឺប្រចាំកាយធ្ងន់ធ្ងរ ទើបកូនស្រីនោះមិនបានសិក្សាអ្វីទាំងអស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ