គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះប្រទេសនៅតំបន់អាស៊ីចំនួនប្រាំមួយត្រូវបានរាយការណ៍ថាកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។
អង្គការធ្វើការលើរឿងស្បៀងអាហារ និងកសិកកម្ម មួយហៅកាត់ថា FAO បានផ្សាយលើគេហទំព័ររបស់ខ្លួនថាគិតត្រឹមថ្ងៃទី១១ ខែកក្កដា នេះប្រទេសមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្រិកមាន ចិន ម៉ុងហ្គោលី វៀតណាម កម្ពុជា កូរ៉េខាងជើង និងប្រទេសឡាវ។
ប្រភពដដែលបន្តថានៅប្រទេសចិនជំងឺនេះផ្ទុះឡើងដំបូងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨បន្តរហូតមកដល់ពេលនេះ ដែលមានកើតនៅយ៉ាងតិច៣២ខេត្ត ក្រុង និងតំបន់ ហើយជ្រូកច្រើនជាង១ ១៦០០ ០០០ក្បាលត្រូវបានសម្លាប់។
ដោយឡែកនៅម៉ុងហ្គោលីវិញផ្ទុះដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ហើយជ្រូកប្រហែលជា១០ភាគរយនៃជ្រូកនៅម៉ុងហ្គោលីត្រូវបានសម្លាប់។ ចំណែកកូរ៉េខាងជើងវិញត្រូវគេរាយការណ៍ថាបានកើតឡើងជំងឺប៉េស្តជ្រូកនេះកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។
សម្រាប់ប្រទេសវៀតណាមវិញគេរាយការណ៍ថាកើតមានដំបូងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយខេត្ត ក្រុងដែលកើតមានចំនួន៦២ និងជ្រូកប្រហែលជា៣លានក្បាលត្រូវបានសម្លាប់។ ងាកមកប្រទេសជិតខាងងវៀតណាម គឺ ឡាវឯណេះវិញកើតឡើងដំបូងនៅ២០ ខែមិថុនា ឆ្នាំ២០១៩។
ចំណែកកម្ពុជាវិញប្រភពខាងលើថាមានសេចក្ដីរាយការណ៍ដំបូងពីជំងឺនេះនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅខេត្តរតនគិរី និងបានសម្លាប់ជ្រូកនៅខេត្តនោះអស់១៩៧៩ក្បាល ហើយនៅថ្ងៃទី២ និង ទី៩ ខែកក្កដា នេះក៏បានរាលដាលដល់ខេត្តត្បូងឃ្មុំ ស្វាយរៀង និងតាកែវជាដើម។
ជំងឺប៉េសជ្រូកអាហ្វ្រិកនេះ ជាជំងឺដែលធ្វើឲ្យសត្វជ្រូកឈឺនិងងាប់១០០ភាគរយ ប៉ុន្តែមិនបង្កផលប៉ះពាល់ ឬឆ្លងដល់មនុស្សនោះទេ បើទោះបីជាចៃដន្យបានទទួលទានចំសាច់ជ្រូកកើតជំងឺនេះក៏ដោយ៕