• អាជ្ញាធររាជធានីភ្នំពេញ ទុកពេល១ខែ ឱ្យប្រជាពលរដ្ឋសហការ ដើម្បីបញ្ចប់ការចុះវាស់វែង និងកំណត់ព្រំដី ក្នុងផ្ទៃបឹងជើងឯក

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញលិខិតមួយ ដោយទុកពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឱ្យប្រជាពលរដ្ឋចូលរួមសហការ ដើម្បីបញ្ចប់ការចុះវាស់វែង និងកំណត់ព្រំដី ក្នុងផ្ទៃបឹងជើងឯក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មានទទួលបាន។

    សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសចុះវាស់វែង និងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯក នៃគណៈកម្មការដឹកនាំអនុវត្តលិខិតលេខ ៧៤៩ សជណ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បាននិងកំពុងចុះវាស់វែង និងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯក ចាប់តាំងពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

    ១. ចុះស្វែងរកចំណុចព្រំដីទំហំ ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ និងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់នៅលើផ្ទៃដីទំហំ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់ អភិវឌ្ឍ

    ២៖ ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯកទំហំ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ

    ៣៖ ចុះសិក្សា និងវាស់វែងកំណត់និយាមកាបណ្តាញហេដ្ឋារចនាសម្ព័ន្ធទៅកាន់ទីតាំងបឹងជើងឯក។

    បើតាម មកទល់បច្ចុប្បន្ន ការងារចុះវាស់វែង និងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯកខាងលើស្ទើតែបញ្ចប់ទាំងស្រុង ប៉ុន្តែដោយពិនិត្យឃើញថា ម្ចាស់ក្បាលដីពាក់ព័ន្ធមួយចំនួន នៅមិនទាន់បានផ្តល់កិច្ចសហការនោះ ក្រុមការងារនឹងទុករយៈពេល៣០ថ្ងៃទៀត គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ជាកំហិត។

    អាជ្ញាធរ បានបញ្ជាក់ថា ទទួលបានសេចក្តីជូនដំណឹងនេះ សូមសាធារណជន និងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងដីធ្លីក្នុងតំបន់បឹងជើងឯក (ដូចមានផែនទីជនភ្ជាប់ ដែលនៅសេសសល់ សូមអញ្ជើញរួសរាន់ចូលរួមសហការឱ្យបានទាន់ពេលវេលា។ ផុតថ្ងៃឱសានវាទខាងលើ ក្រុមការងារនឹងមិនទទួលវាស់វែង ឬដោះស្រាយសំណូមពរណាមួយឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ