ភ្នំពេញៈ មហាជនមិនត្រឹមតែភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងយល់ថាប្លែអារម្មណ៍ទៀតផង ខណៈឃើញអតីតតារាសម្ដែង និងជាតារាបង្ហាញម៉ូដល្បីឈ្មោះបោះសំឡេង កញ្ញា ប្រាសាទ ដាវីន ដែលបាត់មុខពីសិល្បៈជាង១០ឆ្នាំ និងធ្លាប់តែបង្ហាញរូបបែបសិចស៊ី នោះ ងាកមកគ្រងឈុតជានារីខ្មែរបែបបុរាណក្នុងឈុតអប្សរានោះ។
តារាស្រីរូបនេះ ហាក់នៅតែអាចរក្សាបាននូវសម្រស់ស្រស់ស្អាត និងទាក់ទាញ ភ្នែកទស្សនិកជនដដែល ជាពិសេសនោះ ដងខ្លួនដ៏ស្រឡូនរបស់នាង បានទាក់ទាញចិត្តទស្សនិកជន មិនតិចនាក់នោះទេ ឲ្យសរសើរមិនដាច់ពីមាត់ មិនថាពេលស្លៀកសម្លៀកបំពាក់សិចស៊ី ឬឈុតប្រពៃណីគឺនៅតែមានសម្រសស្រស់ស្អាតលេចធ្លោដដែល។
ពិតជាប្លែកអារម្មណ៍ ខណៈថ្មីៗនេះ ស្រាប់តែរំលេចសម្រស់ ជាមួយសម្លៀកបំពាក់ អប្សរាវិញម្ដង ឃើញថារូបសម្រស់របស់នាងកាន់តែ ស្រស់ស្អាតសមសួន ប្រៀបដូចជារូបគំនូរ ដែលគេបានគូរយ៉ាងសម្រិតសម្រាំង ដោយវិចិត្រករដៃឯកយ៉ាងដូច្នេះផងដែរ។
ការបង្ហាញខ្លួនរបស់អតីតតារាម៉ូដែល និងជាតារាសម្ដែង ប្រាសាទ ដាវីន ក្នុងឈុតអប្សរា ពិតជារំលេចចេញឲ្យឃើញពីភាពស្រស់ស្អាត កាន់តែខ្លាំងរបស់នាង បង្ហាញឲ្យឃើញពីភាពទន់ភ្លន់ តែរឹងមាំរបស់នារីអប្សរា និងកំពុងទទួលបានការកោតសរសើរ ពីសំណាក់ប្រិយមិត្តទស្សនិកជន ព្រោះតែរូបសម្រស់ដ៏ស្រស់ស្អាតផូរផង់ពីធម្មជាតិ សមជាមួយនឹងដងខ្លួនដ៏ស្រឡូន និងសម្បុរស្រអែម ពិតជាទាក់ទាញភ្នែកទស្សនិកជន ពិសេសកន្លង់ៗ ឲ្យជាប់ចិត្តដិតអារម្មណ៍ នឹងសម្រស់ស្រីស្អាត ប្រាសាទ ដាវីន។
គួររំឭកថា តារារូបនេះ សឹងតែត្រូវបានទស្សនិកជនភ្លេចមុខបាត់ទៅហើយ ដោយសារតែបានភៀសខ្លួន ទៅរស់នៅប្រទេសអូស្រ្ដាលី បន្ទាប់ពីមានជនអនាមិក បានគំរាមយកគ្រាប់បែកទៅដាក់ក្នុងផ្ទះនាង កាលដែលនាងចេញទៅសម្ដែងនៅប្រទេសបារាំង។
ប៉ុន្ដែកាលពីឆ្នាំ២០១៦ កន្លងទៅនេះ គេក៏ឃើញ ប្រាសាទ ដេវីន មានវត្តមានក្នុងវិស័យសិល្បៈ ខ្មែរឡើងវិញ។ បច្ចុប្បន្នតារាស្រីរូបនេះ ហាក់បង្ហាញវត្តមានម្តងម្កាលក្នុងវិស័យសិល្បៈ តាមរយៈថតស្ពតសំអាងការ និងកម្មវិធីសិល្បៈតូចធំនានា ជាដើម៕