• ស្រីស្អាតស្រវឹងស្រា បើករថយន្តបុករ៉ឺម៉កកង់បី មិនចុះដោះស្រាយ បែរខំប្រឹងបើករត់ តែនៅតែមិនរួច (មានវីដេអូ)

    (ភ្នំពេញ)៖ ស្រ្តីម្នាក់ស្រវឹងស្រា បើករថយន្តបុករ៉ឺម៉កកង់បីឥណ្ឌា មិនឈប់ដោះស្រាយបើករត់ដល់ស្តុបក្ដាន់ពីរ ទើបសមត្ថកិច្ចឃាត់បាន តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់នេះ អ្នកបើករ៉ឺម៉កកង់បីរងរបួសស្រាល។

    ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង២យប់ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-5161 បើកបរដោយស្រ្តីម្នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយផ្លូវបំបែកជាបួនក៏មានរ៉ឺម៉កកង់បីឥណ្ឌាឆ្លងកាត់ទទឹងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង ក៏ជ្រុលបុកគ្នាចមពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបររងរបួសស្រាល រីឯរ៉ឺម៉កកង់បីខ្ទាតរងការខូចខ្ទេចមួយជំហៀង ភ្លាមៗនោះអ្នករថយន្តខាងលើ មិនបានឈប់ដោះស្រាយគ្នានៅកន្លែងកើតហេតុទេ ថែមទាំងបើករថយន្តរត់គេច ក៏ត្រូវបានសមត្ថកិច្ចបោះដៃតាមវិទ្យុទាក់ទង អំពីស្លាកលេខរថយន្ត និងមានអ្នកដេញពីក្រោយផង រហូតរត់ដល់ស្តុបក្ដាន់ពីរ ទើបសមត្ថកិច្ចធ្វើការឃាត់បានរថយន្តភ្លាមៗតែម្ដង។

    ចំណែកឯអ្នកបើកបររថយន្ត មានសភាពស្រវឹងស្រាឈរមិននឹងខ្លួន ក៏ត្រូវបានសមត្ថកិចជំនាញឃាត់យកទៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញផងដែរ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកយកអ្នកបើកបរ និងរថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ