• ខេត្ត​ពោធិ៍សាត់​ គម្រោងសាងសង់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត ​តម្លៃ​ជាង ២៣០ លាន​ដុល្លារ​អាមេរិក

    គម្រោង​វារីអគ្គិសនី​ថ្មី​មួយ​ទៀត​​ស្ថិត​នៅ​ក្នុង​ឃុំ​ប្រមោយ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​ មាន​ថាមពល​​​៨០មេហ្គា​វ៉ាត់​ នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​ឆាប់​ៗ​ខាង​មុន​នេះ។​ ក្រុមហ៊ុន​អេស​ភី​អេ​ច​ភី (ខេ​ម​បូឌា​) ឯ.ក ​មាន​ឈ្មោះ​ដើម KTC ​Cable​ Co.,​ Ltd ​បាន​ទទួល​គម្រោង​នេះ​វិនិយោគ​ខាង​លើ​ក្នុង​តម្លៃ​ជាង ២៣០​លាន​ដុល្លារ​អាមេរិក​ ខណៈ​ការ​អនុវត្ត​យល់​ព្រម​ពី​ព្រឹទ្ធសភា​​ត្រូវ​បាន​អនុម័ត​ទាំង​ស្រុង​ដើម្បី​បើក​ឱកាស​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​វិនិយោគ​នូវ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​បន្ថែម​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ។

    ក្នុង​គោល​បំណង​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​អគ្គិសនី​គ្រប់គ្រាន់​ មាន​និរន្តរភាព​ ​ស្ថិរភាព​ ប្រសិទ្ធភាព​និង​មាន​តម្លៃ​សមរម្យ​ ​សមាជិក​ព្រឹទ្ធសភា ​ដែល​ដឹក​នាំ​ប្រជុំ​ដោយ​ សម្ដេច​វិបុល​សេនា​ភក្តី ​សាយ ​ឈុំ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​អនុម័ត​ទាំង​ស្រុង​ដោយ​ សម្លេង​ ​​​៤៨​លើ​៤៨ ​សម្លេង​ឱ្យ​ក្រុមហ៊ុន ​អេស​ភី​អេចភី ​(ខេមបូឌា) ​ធ្វើ​ការ​វិនិយោគ​នូវ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​បន្ថែម​។ ​នេះ​បើ​តាម​​ប្រសាសន៍​ឯកឧត្ដម​ ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​។

    ឯកឧត្ដម​បាន​បន្ថែម​ថា ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​អគ្គិសនី​ រាជ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​ ​ទាំង​ប្រភព​ថាមពល​ និង​បណ្ដាញ​បញ្ជូន​អគ្គិសនី​ ដើម្បី​ធានា​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ឱ្យ​បាន ​គ្រប់​គ្រាន់​ ​មាន​និរន្តរភាព ​ស្ថិរភាព ​ប្រសិទ្ធភាព ​និង​មាន​តម្លៃ​សមរម្យ​។

    គម្រោង​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ​មាន​អានុភាព ​៨០​មេហ្កាវ៉ាត់​ គឺ​ជា​គម្រោង​អាទិភាព​មួយ​ ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចូល​ក្នុង​ផែន​ការ​មេ​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​ ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​២០២៣​។​ឯកឧត្ដម​ឱ្យ​ដឹង​ទៀត​ថា ​ប្រភព​អគ្គិសនី​ ដែល​ក្រុមហ៊ុន​ខាង​លើ​នេះ​ធ្វើ​ការ​វិនិយោគ​នោះ​ គឺ​ចេញ​ពី​ធនធាន​ធម្មជាតិ​ក្នុង​ស្រុក ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង ​និង​មាន​ថ្លៃ​លក់​ថេរ​ ក្នុង​រយៈ​ពេល ​៣៥​ឆ្នាំ ​គឺ​តម្លៃ ​៧,៩ សេន​អាមេរិក​ ​ក្នុង​១​គីឡូវ៉ាត់​ម៉ោង ​ដែល​ជួយ​ធានា​នូវ​សន្តិសុខ​ថាមពល ​ធ្វើ​ឱ្យ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​ មាន​លទ្ធភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​ បាន​ឆាប់​រហ័ស​។ ​មួយ​វិញ​ទៀត​វា​ នឹង​បង្កើត​ប្រាក់​ចំណូល​ដល់​ប្រជាជន​មូលដ្ឋាន​ ​​សម្រាប់​ថ្នាក់​ខេត្ត​ ​ និង​ថ្នាក់​ជាតិ ​ដោយ​ការ​ផ្ដល់​ ការងារ​យ៉ាង​ច្រើន​នៅ​ពេល​សាងសង់ ​និង​ប្រតិបត្តិការ​។ ​ប្រជាជន​មួយ​ចំនួន​ ​ក៏​អាច​បង្កើត​ប្រាក់​ចំណូល ពី​មុខ​របរ​ជំនួញ​ផ្ទាល់​របស់​ពួក​គេ ​ដែល​ទាក់​ទង​នឹង​សកម្មភាព​គម្រោង​។​

    ដោយ​សារ​ភូមិ​សាស្ត្រ​ធម្មជាតិ​អំណោយ​ផល​បាន​ធ្វើ​ឱ្យ​គម្រោង​នេះ​មាន​លក្ខណៈ​ពិសេស​ ដែល​អាច​រក្សា​ទឹក​ទុក​ ​សម្រាប់​ការ​ផលិត​ថាមពល​នៅ​រដូវ​ប្រាំង​រហូត​ដល់​ ៧០% ​ខុស​ពី​គម្រោង​ដទៃ​ទៀត​ ដែល​តាម​ធម្មតា​ការ​ផលិត​ថាមពល​នៅ​រដូវ​ប្រាំង​បាន​ត្រឹម ​៣០% ​ឬ​ករណី​ខ្លះ​ធ្លាក់​ចុះ​ទាប​ជាង​នេះ ​ជាក់​ស្តែង​ដូច​នៅ​រដូវ​ប្រាំង​ឆ្នាំ​២០១៩​នេះ ​ជា​ឧទាហរណ៍​។​ លក្ខណៈ​ពិសេស​នេះ​ហើយ​ ដែល​គម្រោង​នេះ​ត្រូវ​បាន​ស្វាគមន៍​។​ ​នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្ដម​ ម៉ម​ ប៊ុន​នាង​។​ ​ គម្រោង​ខាងលើ​ត្រូវ​បាន​រដ្ឋសភា​ជាតិ​កម្ពុជា​ប្រកាស​អនុម័ត​យល់ព្រម សាង​សង់​នេះ​កាល​ពី​ថ្ងៃ​ទី​ ០១​កក្កដា​​ ឆ្នាំ​២០១៩​ កន្លង​មក ​ក្រោម​អធិបតីភាព​សម្ដេច​ ហេង សំរិន ប្រធានរដ្ឋសភា រួម​ជាមួយ​សមាជិក សមាជិកា។ យ៉ាង​ណា​មិញ​​​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់១នេះ ​ក៏​រង​ផល​ប៉ះ​ពាល់​ប្រជាពលរដ្ឋ ៣៤៧​គ្រួសារ​​ ប៉ះពាល់​លំ​នៅ​ឋាន​​ចំនួន ​៩២​ខ្នង ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ៧៨​គ្រួសារ ​ស្ថិត​នៅ​ក្នុង​តំបន់​អាង​ទឹក​ប៉ះពាល់​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ចំនួន​ ២៦៩​គ្រួសារ​ ហើយ​ប៉ះពាល់​ផ្ទៃដី​សរុប​ចំនួន ៩,៣៥៥​ហិកតា ​និង​ប៉ះពាល់​ផ្ទៃដី​ព្រៃ​ឈើ​សរុប​ចំនួន ៦០០,៧២៤​ហិកតា ​ប៉ុន្តែ​ក្រុមហ៊ុន​គ្រោង​ចំណាយ​ថវិកា​សម្រាប់​ដោះស្រាយ​គោលនយោបាយ​សំណង​សរុប​ចំនួន ៦,៨៣ លាន​ដុល្លារ​​​ជូ​ន​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​នេះ​ដែរ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ