• កូនកោះប៉ាគីស្ថាន ដែលផុសឡើងដោយរញ្ជួយដីកាលពីឆ្នាំ២០១៣ ឥឡូវត្រូវមហាសមុទ្រលេបយកទៅវិញបាត់ហើយ

    (ប៉ាគីស្ថាន)៖ កូនកោះតូចមួយដែលផុសឡើងដោយសារបាតុភូតរញ្ជួយផែនដី យ៉ាងកក្រើកកាលពីឆ្នាំ២០១៣ នៅប៉ាគីស្ថាន ឥឡូវនេះត្រូវបានមហាសមុទ្រឥណ្ឌាលេបយកទៅវិញហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។

    តាំងតែពីលេចឡើងនៅឆ្នាំ២០១៣ កូនកោះមានឈ្មោះថា ហ្សាល់ហ្សា កោះ (Zalzala Koh) ដែលស្ថិតនៅភាគនិរតីប្រទេសប៉ាគីស្ថាន ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ភ្ញៀវទេសចរ ព្រោះតែលក្ខណៈនៃកំណើតដ៏ពិសេសរបស់វា រួមទាំងការបញ្ចេញផ្សែងនៅលើផ្ទៃ របស់កូនកោះនោះ។ យ៉ាងណាមិញ ក្រោយមានវត្តមានអស់រយៈពេលជិត ០៦ឆ្នាំនៅលើមហាសមុទ្រឥណ្ឌា ទីបំផុតវាបានលិចទៅ ក្រោមផ្ទៃសមុទ្រវិញហើយ។

    ថ្មីៗនេះទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពមួយចំនួន ដែលបង្ហាញចាប់តាំងការពុំទាន់មានវត្តមានរបស់កូនកោះ Zalzala Koh និងការចាប់លេចរូបរាងរបស់វា គឺនៅខែកញ្ញា ឆ្នាំ២០១៣ រួមជាមួយការលិចបន្តិចម្តងៗ រហូតដល់លិបបាត់ទាំងស្រុងទៅក្រោមផ្ទៃសមុទ្រ។

    គួរជម្រាបថា កូនកោះខាងលើ គឺជាលទ្ធផលនៃគ្រោះរញ្ជួយដីជាបន្តបន្ទាប់នៅខេត្ត បាឡូជីស្ថាន (Balochistan) ភាគនិរតីប៉ាគីស្ថានកាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ដែលបានផ្តាច់ជីវិតមនុស្សសរុបយ៉ាងតិច ៨២៥នាក់។ បើតាមក្រុមអ្នកជំនាញ និយាយឲ្យច្បាស់ទៅគឺវា កកើតឡើងពីគំនរដីនិងល្បាប់ ដែលបណ្តាលមកពីការប៉ះទង្គិចគ្នា​រវាងស្រទាប់ផ្ទៃតិចតូនិកអារ៉ាប់ និងស្រទាប់ផ្ទៃតិចតូនិកអឺរ៉ាស៊ីរបស់ភពផែនដី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ