• មេក្រុមហ៊ុន Huawei ប្រាប់ថា HongMeng OS អាចដើរលឿនជាង Android និង iOS

    ត្បិត​ថា​រដ្ឋបាល​លោក ត្រាំ បាន​បន្ធូរ​បន្ថយ​លើ Huawei ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាមេរិក​រក​ស៊ី​ជា​មួយ​ក្រុមហ៊ុន​នេះ​បន្ត​ទៀត ប៉ុន្តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​នេះ មិន​បោះបង់​លើ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិការ​ HongMeng នោះ​ទេ។

    កាល​ពី​ថ្មីៗ​នេះ លោក Ren Zhengfei ស្ថាបនិក​ក្រុមហ៊ុន Huawei បាន​ជួប​សម្ភាសន៍​ជា​មួយ​ទស្សនាវដ្ដី​បារាំង​ LePoint និង​បាន​និយាយ​ថា​ក្រុមហ៊ុន​មាន​គម្រោង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ Android។ ក្នុង​ពេល​ដដែល​នោះ​ លោក​បាន​បញ្ជាក់​ថា​​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល Huawei បង្កើត​គឺ​លើស​ពី​អ្នក​ជំនួស​ Android ហើយ​អាច​ប្រើ​ប្រាស់​នៅ​លើ​ឧបករណ៍​ជា​ច្រើន​ដូច​ជា​ Tablet, Router, Switch, កុំព្យូទ័រ​, រថយន្ត​គ្មាន​មនុស្ស​បើក និង​ Data Centers ទៀត​ផង។

    បន្ថែម​ពី​នេះ​លោក Zhengfei បាន​បញ្ជាក់​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​​មិន​ត្រឹម​តែ​ទំនង​ជា​លឿន​ជាង​​ប្រព័ន្ធ​ប្រតិបត្តិការ Android នោះ​ទេ ប៉ុន្តែ​ក៏​អាច​លឿន​ជាង iOS ផង​ដែរ។ ​ការ​ចេញ​ផ្សាយ​កន្លង​មក​​មាន​និយាយ​ថា​ HongMeng ដើរ​លឿន​ជាង Android ដល់ ៦០% ឯណោះ។

    ស្ថាបនិក​រូប​នេះ​បន្ត​ទៀត​ថា Huawei កំពុង​ផលិត​នូវ​ App Store មួយ​ដែល​ជំនួស​ឲ្យ​ Google Play Store ហើយ​លោក​ទទួល​ស្គាល់​ថា​វា​ជា​ផ្នែក​មួយ​ដែល​ពិបាក​សម្រាប់ HongMeng និង Huawei។

    លោក Richard Yu នាយក​ប្រតិបត្តិ​ Huawei ធ្លាប់​បាន​និយាយ​ថា​ HongMeng នឹង​​បញ្ចេញ​ឲ្យ​ប្រើ​នៅ​ចិន​​អំឡុង​ចុង​ឆ្នាំ​នេះ ហើយ​ទីផ្សារ​ផ្សេង​ទៀត​នឹង​ចាប់​ផ្ដើម​ដើម​ឆ្នាំ​ក្រោយ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ