កាន់តែធ្ងន់ធ្ងរ! ប្រជាជន១.២៤លាននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ និងស្ត្រីចំណាស់ម្នាក់បានស្លាប់

(ជប៉ុន)៖ ប្រជាជនចំនួនប្រមាណ ១.២៤លាននាក់ រស់នៅនៅលើកោះគ្យូស៊ុ (Kyushu) ដែលស្ថិតនៅប៉ែកខាងត្បូងប្រទេសជប៉ុន បានទទួលការបង្គាប់ឱ្យជម្លៀសខ្លួនជាបន្ទាន់ ដោយសារតែមានការគំរាមកំហែងនៃគ្រោះបាក់ដី និងគ្រោះទឹកជំនន់ដ៏អាក្រក់មួយ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានៅតំបន់នោះ។ នេះបើការចុះផ្សាយដោយ សារព័ត៌មាន Sputnik នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ កក្តដា ឆ្នាំ២០១៩នេះ។

ប្រជាជនទាំងអស់ដែលកំពុងរស់នៅខេត្តកាហ្គោស៊ីម៉ា (Kagoshima) និងទីក្រុងអាម៉ាគូសា (Amakusa) ព្រមទាំងខេត្តអ៊ីរ៉ា (Ira) នៅលើកោះគ្យូស៊ុ ដែលមានចំនួនប្រមាណ ៧៦០.០០០នាក់ ត្រូវបានគេបញ្ជាឲ្យជម្លៀសចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ គិតចាប់តាំងពីថ្ងៃពុធម្សិលមិញនេះ។ យោងតាមរបាយការណ៍មួយបានឲ្យដឹងថា តំបន់ដែលត្រូវជម្លៀសចេញជាបន្ទាន់នោះ មានលំនៅឋានប្រជាជនចំនួន ៥៨ពាន់ខ្នង ដែលនៅក្នុងនោះមានប្រជាជនរស់នៅប្រហែលជា ១.២៤លាននាក់។

លើសពីនោះទៀតនៅក្នុងខេត្ត Kagoshima មានស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ ដោយសារគ្រោះបាក់ដីវាយប្រហារមកលើផ្ទះរបស់គាត់។ រដ្ឋបាលក្រុងនីមួយៗបានប្រកាសថា ទឹកជំនន់ និងការរអិលបាក់ដី គឺជាគំរាមកំហែងយ៉ាងពិតប្រាកដមកលើជីវិត និងសុវត្ថិភាពរបស់ប្រជាជនដែលរស់នៅទីនោះ ហេតុដូច្នេះប្រជាពលរដ្ឋ ត្រូវតែស្វែងរកទីកន្លែងជ្រកកោណដូចជា នៅតាមសាលារៀន និងគ្រឹះស្ថានសាធារណៈនានា ដែលមានទីតាំងនៅលើដីខ្ពស់ និងសុវត្ថិភាព៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ