• ចិន៖ «អង់គ្លេសគួរកុំលូកដៃចូលកិច្ចការផ្ទៃក្នុងហុងកុង បើមិនចង់ឲ្យទំនាក់ទំនងល្អជាមួយចិនត្រូវបំផ្លាញ»

    (ប៉េកាំង)៖ អគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេសលោក លុយ ហ្ស៊ាវមីង (Liu Xiaoming) បានព្រមានអង់គ្លេសត្រង់ៗតែម្តង កុំឱ្យលូកដៃចូលក្នុងកិច្ចក្នុងរបស់ទីក្រុងហុងកុង បើមិនចង់ឱ្យទំនាក់ទំនងល្អរវាងប្រទេសទាំងពីរត្រូវបានបំផ្លាញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។

    ការព្រមានខាងលើរបស់លោក Liu Xiaoming ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជែរ៉េមី ហាន់ (Jeremy Hun) ធ្វើការអត្ថាធិប្បាយមួយចំនួន ដែលហាក់ដូចជាបង្ហាញការគាំទ្រ ដល់ក្រុមបាតុករនៅក្នុងទីក្រុងហុងកុង។ លោក Liu បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានា នៅថ្ងៃពុធសប្ដាហ៍នេះយ៉ាងដូច្នេះថា «ផ្នត់គំនិតអាណានិគមនៅតែបន្តមានឥទ្ធិពលលើមន្ត្រី និងអ្នកនយោបាយមួយចំនួនដែលយល់ថា ហុងកុងនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស។ តែនេះគឺជាគំនិតចាស់គំរិលប៉ុណ្ណោះ… ដូច្នេះខ្ញុំបានប្រាប់ឱ្យអង់គ្លេសដោះលែងទីក្រុងហុងកុង និងបង្ហាញការគោរព… ព្រោះទីក្រុងហុងកុងអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន»។

    គួរបញ្ជាក់ថា ទីក្រុងហុងកុងធ្លាប់ជាដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស បន្ទាប់ពីសង្រ្គាមអាភៀននៅឆ្នាំ១៨៤២។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ ទើបអង់គ្លេសសម្រេចចិត្តប្រគល់ទីក្រុងហុងកុងឱ្យប្រទេសចិនវិញ ប៉ុន្តែត្រូវអនុវត្តតាម «នយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រង ២ រហូតមកទល់បច្ចុប្បន្ន»។ នៅក្នុងកិច្ចព្រមព្រៀងនោះ ប្រទេសចិនបានធានាទុកសិទ្ធិស្វ័យភាពឲ្យហុងកុងរយៈពេល ៥០ឆ្នាំ (គិតពីឆ្នាំ១៩៩៧) ដែលមានន័យថា ហុងកុងអាចនៅរក្សាភាពដើមទាំងស្រុង នៃប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ