• កម្ពុជា ទទួល​អំណោយ​វត្ថុបុរាណ​ខ្មែរ​ចំនួន ៨៥មុខ ពី​ជនជាតិ​ជប៉ុន

    (ភ្នំពេញ)៖ អំណោយវត្ថុបុរាណខ្មែរចំនួន៨៥មុខ នឹងត្រូវផ្ដល់ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ តាមរយៈលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ជនជាតិជប៉ុន ដែលបានស្ម័គ្រចិត្តប្រគល់ជូនមកកម្ពុជាវិញ។

    ការទទួលអំណោយវត្ថុបុរាណខ្មែរចំនួន៨៥មុខនេះ នឹងរៀបចំធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។

    វត្ថុបុរាណទាំងនោះមានដូចជា៖ បដិមាព្រហ្មញ្ញសាសនា, ព្រះពុទ្ធសាសនា, គ្រឿងលំអ, ត្រាមានលំអរូបសត្វធ្វើពីសំរិទ្ធ, បំណែកតុបតែង, ខ្សែកធ្វើពីមាស, កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែលមានអាយុកាល ក្នុងសម័យបុរេប្រវត្តិសាស្រ្ដសម័យមុនអង្គរ, សម័យអង្គរ និងសម័យក្រោយអង្គរ។

    បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការប្រគល់វត្ថុបុរាណទាំង៨៥មុខរបស់លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា នេះដើម្បីឧទ្ទិសដល់វិញ្ញាណខ័ន្ធស្វាមីរបស់លោកស្រី។

    ក្រសួងវប្បធម៌បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្ដែងការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា មានចិត្តសប្បុរសប្រគល់វត្ថុបុរាណទាំងនេះ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងថ្លែងអំណរគុណចំពោះលោក ម៉ាសាម៉ូតូ ហ្វូស៊ីណូ និងភរិយា ដែលបាសម្របសម្រួល និងដឹកនាំវត្ថុបុរាណនេះមក។

    លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើកឡើងថា ការប្រគល់ត្រឡប់មកវិញនូវរតនវត្ថុរបស់ជាតិ ជាការវិលមកវិញនូវព្រលឹងបុព្វបុរសខ្មែរ ជាមង្គលដ៏ឧត្តមរបស់ជាតិ។ ការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណមកកាន់ប្រទេសកំណើត បង្ហាញឲ្យឃើញពី ការលើកតម្លៃសម្បត្តិវប្បធម៌នៃមនុស្សជាតិ និងការប្រសើរឡើងនូវក្រមសីលធម៌ នៃអ្នកធ្វើសមុច្ច័យបុរាណ។

    លោកស្រីបន្ថែមថា ក្នុងនាមក្រសួងវប្បធម៌ សូមលើកទឹកចិត្តដល់បុគ្គលឯកជន សារមន្ទីរ, ក្រុមហ៊ុន ក៏ដូចជាស្ថាប័ននានា លើសាកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាតាមរយៈស្ថានទូតកម្ពុជា នៅតាមប្រទេសនីមួយៗ ក្នុងការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញ។

    លោកស្រីបញ្ជាក់ថា កម្ពុជាចាត់ទុកថាទង្វើដ៏ថ្លៃថ្លានេះ មិនត្រឹមបង្ហាញពីការចូលរួមលើកតម្លៃ ដល់វប្បធម៌នៃជាតិសាសន៍នីមួយៗប៉ុណ្ណោះទេ តែបានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរុំារៃ និងរងគ្រោះពីសោកនាដកម្ម និងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ ប៉ុល ពត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ