• ឃាតកម្មសម្លាប់បុរសម្នាក់ រួចយកសព ទៅផ្លុងចោលនៅលើផ្លូវជាតិលេខ៨ ខេត្តកណ្ដាល ​សមត្ថកិច្ចអះអាងថា ជាករណី​ប្លន់សម្លាប់យករថយន្ត

    (កណ្តាល)៖ សាកសពបុរសម្នាក់ ដែលត្រូវបានគេយកមកផ្លុងចោល នៅចំណុចស្ពានព្រែករូងទី២ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែតលេខ ២៨-២៩ ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នោះ ត្រូវបានសមត្ថកិច្ចអះអាងថា ជាករណីប្លន់សម្លាប់យករថយន្តពីជនរងគ្រោះ។

    ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រោយការសួរនាំជាជំហ៊ានដំបូង បានបង្ហាញថា ករណីនេះជាអំពើសម្លាប់រថយន្តពីជនរងគ្រោះ ដែលបានជួលដឹកមនុស្សចេញពីក្រុងប៉ោយប៉ែត។ បើតាមការបញ្ជាក់របស់លោកស្នងការ នៅពេលនេះកម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងតាមដានស្រាវជ្រាវ ដើម្បីបំបែកសំណុំរឿងមួយនេះ។

    សូមបញ្ជាក់ថា កើតហេតុថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទី ចំណុចស្ពានព្រែករូងទី២ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែតលេខ ២៨-២៩ ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានការភ្ញាក់ផ្អើលមួយដោយបានប្រទះឃើញសពជនរងគ្រោះម្នាក់។

    ជនរងគ្រោះមានឈ្មោះ មឿក សុភ័ណ ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់យករួមមាន៖

    *រ៉ូឡូភ្លើងពណ៌លឿងចំនួន ០១ មានខ្សែភ្លើងពណ៌លឿងមួយកំណាត់ ប្រវែង ២,៦៤ម៉ែត្រ ជាប់នឹងរ៉ូឡូ
    *ខ្សែក្រវ៉ាត់ក្បាលដែកមានរូបក្បាលខ្មោចចំនួន០១ មានប្រវែង ១,០៩ម៉ែត្រ
    *ខ្នើយចំនួន០១។

    សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុ ប្រជាពលរដ្ឋបានធ្វើដំណើរតាមផ្លូវជាតិលេខ៨ បានប្រទះឃើញសាកសពនៅក្រោមជើងផ្លូវ ហើយក៏រាយការណ៍ជូនសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចជំនាញកោសល្យវិច័យវិទ្យាសាស្ត្រ នាយកដ្ឋានក្រសួងមហាផ្ទៃ សហការជាមួយ ការិយាល័យបច្ចេកទេសខេត្ត ជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត និង
    អធិការដ្ឋាននគរបាលស្រុក បានចុះធ្វើការពិនិត្យសាកសព។

    សាកសពដេកផ្កាប់មុខបែរក្បាលទៅទិសខាងលិចចំងាយ ៧,៣០ម៉ែត្រ ពីចិញ្ចើមផ្លូវជាតិ សាកសពពាក់អាវយឺតដៃវែង ពណ៌ខ្មៅ មានឆ្នូតបីពណ៌លឿង ខាងខ្នងមានអក្សរ LFC រូបហង្ស មានរូតពីមុខ អាវយឺត ខាងក្នុងដៃខ្លីពណ៌ខៀវលាយខ្មៅ ស្លៀកខោជើងវែងសាច់ក្រណាត់គគី ពណ៌ដី ខោទ្រនាប់ក្នុងពណ៌ក្រហម ពាក់ខ្សែចង្កេះ មានកម្ពស់ ១,៥៥ ម៉ែត្រ សក់ខ្លី។

    សាកសពនៅដៃទាំងសងខាងមានចង់ខ្សែភ្លើងពណ៌លឿងរិតភ្ជាប់គ្នា នៅកមានខ្សែក្រវ៉ាត់រិតជាប់នឹងក មានស្នាមទ្រុឌកលើគ្រាប់ពោនពីមុខដល់គល់ថ្គាមទាំងសងខាង។

    ក្រោយការពិនិត្យសមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណី ឃាតកម្ម (ស្លាប់ដោយរិតក) ហើយបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

    ដោយឡែកនៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក៏មានករណីប្រទះឃើញសពមួយដែរ នៅលើដីឡូតិ៍ដីព្រៃមួយកន្លែងជិតស្ពានលីយ៉ុងផាត់ ដោយគេបានឃើញផ្សែងហុយ ហើយមានធុំក្លិនឈ្ងៀមក៏នាំគ្នាទៅមើល ស្រាប់តែប្រទះឃើញសាកសពមួយត្រូវបានភ្លើងឆេះ នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។

    មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា បន្ទាប់ពីពិនិត្យសាកសពទៅ គឺសង្ស័យជាមនុស្សស្រីច្រើនជាងមនុស្សប្រុស ព្រោះនៅកន្លែងកើតហេតុបានបន្សល់ អាវទ្រនាប់មួយពណ៌ខ្មៅ និងវត្ថុតាងផ្សេងទៀតផងដែរ។ ដោយឡែកជនសង្ស័យ ដែលបានដឹកមនុស្សតាមរថយន្តយកទៅដុតចោលនៅដីឡូតិ៍ខាងលើ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

    ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវផងដែរថា បើបងប្អូនមានបាត់សមាជិកនៅក្នុងគ្រួសារ សូមទាក់ទងមកអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីយកពិនិត្យសាកសព ក្រែងស្គាល់ ឬក៏ត្រូវជាសាច់ញាតិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ