• ហួសចិត្ត! រកឃើញគ្រឿងញៀន៣៩គីឡូក្រាម ក្នុងយន្តហោះបម្រុងនៃប្រធានាធិបតីប្រេស៊ីល ឆ្ពោះទៅកាន់កិច្ចប្រជុំ G20 នៅជប៉ុន!

    (អេស៉្បាញ)៖ មន្រ្តីទ័ពអាកាសប្រេស៊ីលម្នាក់ ដែលស្ថិតក្នុងក្បួនអមដំណើរប្រធានាធិបតីប្រេស៊ីល ទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅជប៉ុន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារសប្តាហ៍ នេះនៅប្រទេសអេស៉្បាញ ក្រោយឆែករកឃើញគ្រឿងញៀន ៣៩គីឡូក្រាមដែលត្រូវបានដឹកជញ្ជូន តាមយន្តហោះបម្រុងរបស់ប្រធានាធិបតីប្រេស៊ីល។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។

    មន្រ្តីយោធាប្រេស៊ីលខាងលើត្រូវបានចាប់ខ្លួននៅទីក្រុង សេវីល (Seville) ប្រទេសអេស៉្បាញ ជាមួយវ៉ាលីចំនួន ០៣ដែលមានផ្ទុកគ្រឿងញៀនទម្ងន់ ៣៩គីឡូក្រាម នៅពេលយន្តហោះបម្រុង សម្រាប់ដឹកប្រធានាធិបតីប្រេស៊ីល ចូលចតនៅអាកាសយានដ្ឋានក្នុងទីក្រុងនោះ មុនបន្តឆ្ពោះទៅកាន់ទីក្រុងអូសាកា ប្រទេសជប៉ុន ជាទីដែលកិច្ចប្រជុំ G20 ត្រូវរៀបចំឡើង។

    ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានធ្វើដំណើរលើយន្តហោះមួយផ្សេងទៀត ដែលពេលនោះចូលចតនៅទីក្រុង លីសបោន (Lisbon) ប្រទេសព័រទុយហ្គាល់។ ក្រោយបានដឹងពីហេតុការណ៍នេះ លោក Bolsonaro ថាវាគឺជារឿងមិនអាចទទួលយកបានដាច់ខាត និងបានទាមទារឲ្យមានការដាក់ពិន័យធ្ងន់ធ្ងរលើមន្រ្តីយោធាប្រេស៊ីល ហើយលោកបានបង្គាប់ឲ្យក្រសួងការពារជាតិប្រេស៊ីល សហការពេញទំហឹងជាមួយអាជ្ញាធរអេស៉្បាញ។

    គួរជម្រាបថា នេះអាចជារឿងដ៏អាម៉ាស់មួយសម្រាប់លោក Bolsonaro ខណៈកន្លងមករូបលោកបានប្តេជ្ញាខិតខំ បង្រ្កាបឈ្មួញរត់ពន្ធគ្រឿងញៀនក្នុងប្រទេសប្រេស៊ីល ស្រាប់តែឥឡូវបែរជាមន្រ្តីយោធារបស់លោក ត្រូវបានអាជ្ញាធរបរទេសចាប់ខ្លួន ដោយសារតែការលួចដឹកគ្រឿងញៀន តាមយន្តហោះបម្រុងរបស់លោក នៅតាមផ្លូវឆ្ពោះទៅចូលរួមវេទិកាអន្តរជាតិដ៏ធំមួយបែបនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ