• ស៊ុន ចាន់ថុល​៖ បើរថយន្ត​១គ្រឿង​ ដឹក​លើស​ទម្ងន់កំណត់​​១០​តោន​ តើវាស្មើនិងរថយន្តប៉ុន្មានគ្រឿង នៅលើដងផ្លូវ?

    ភ្នំពេញ ​៖ ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បានលើកឡើង​ថា បើ​មាន​រថយន្ត​មួយគ្រឿង​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​១០​តោន​នៅលើ​ផ្លូវ​មួយ តើ​ស្មើនឹង​រថយន្ត​ប៉ុន្មាន​គ្រឿង​កំពុង​ធ្វើចរាចរ​នៅលើ​ផ្លូវ​នោះ​?

    ថ្ងៃ​ពុធ ៩​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​កិច្ចប្រជុំ​លើ​ការងារ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​មន្ទីរ ប្រធាន និង​អនុប្រធាន​ស្ថានីយ​ថ្លឹង​រថយន្ត​ទាំង​២៧​ស្ថានីយ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

    ​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ទោះបី​ផ្លូវ​ល្អ​មានគុណ​ភាពរឹងមាំ​ប៉ុនណា​ក៏ដោយ ប្រសិនបើ​មាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ផ្លូវ​នេះ​នឹង​ឆាប់​ខូច និង​មិនអាច​ប្រើប្រាស់​បានយូរ​ឡើយ​។ លោក​ទេសរដ្ឋមន្ត្រី​បាន លើកយក​រូបមន្ត​រប​ស់​ធនាគារពិភពលោក មក​បង្ហាញថា បើ​មាន​រថយន្ត​មួយគ្រឿង ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន​១០​តោន នៅលើ​ផ្លូវ​មួយ វា​ស្មើនឹង​រថយន្ត ១០ ០០០ គ្រឿង​កំពុង​ធ្វើចរាចរ​នៅលើ​ផ្លូវ​នោះ (​ដោយ​១០×១០×១០×១០=១០០០០​គ្រឿង​)​។​

    ​លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មន្ត្រី​ទាំងអស់​ដែល បាន​ខិតខំ​ប្រឹងប្រែង បំពេញការងារ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការដឹក​ទំនិញ លើស​ទម្ងន់​កម្រិត​កំណត់​។ ជា​លទ្ធផល​ចំនួន​រថយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់ មានការ​ថយចុះ​គួរឱ្យកត់សម្គាល់ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ ទោះជា​យ៉ាងណាក្ដី លោក​ទេសរដ្ឋមន្ត្រី​បាន​ផ្ដាំ​ផ្ញើឱ្យ​មន្ត្រី​ទាំងអស់ ធ្វើការ​ប្ដេជ្ញា​ខ្ពស់​ជាងនេះទៀត ព្រមទាំង​សាមគ្គី​សហការគ្នា​ឱ្យបាន​ស្អិតល្មួត និង​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ឈានទៅ​លុបបំបាត់ ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​បានកំណត់​ក្នុង​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕​

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ