• ខ្លាំងនៅតែខ្លាំង! ចាន់ វឌ្ឍនាកា ចូលបឹងកេតវិញភ្លាម រកគ្រាប់បាល់ Hat-trick បានភ្លាម ធ្វើឲ្យគ្រូបង្វឹក ញញឹមបិទមាត់មិនជិត

    ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម ចាន់ វឌ្ឍនាកា បាន​ទទួល​ការ​សរសេរ​ពី​គ្រូ​បង្វឹក​ក្រុមបឹងកេត ថា រូប​គេ​បានជួយ​ក្រុម​ច្រើន នៅ​ពេល​រូប​គេ​រក​បាន​៣​គ្រាប់​តែ​ម្នាក់​ឯង ដើម្បី​ជួយ​ឲ្យ​​បឹងកេត ​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ ខេត្ត​សៀម​រាប ៦-០ ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម ​​(ថ្នាក់​ជាតិ)​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ២០១៩ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ម្សិល​មិញ។

    លោក ហៅ សុជាតិ គ្រូ​បង្វឹក​​ក្រុម​បឹងកេត បាន​ប្រាប់​កាល​ការ​ប្រកួត​ថា៖ ​«សម្រាប់​​ការ​ប្រកួតនេះ ចាន់ វឌ្ឍនាកា បាន​ជួយ​​ក្រុម​​ច្រើន គឺវត្ត​មាន​របស់​គាត់ បាន​​ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​របស់​យុទ្ធ​យើង មានសកម្ម​ភាព​ល្អ ហើយ​គាត់​ក៏​បាន​ផ្តល់​បទពិសោធ​បាន​ច្រើន ទៅ​​ដល់​កីឡាករ​ជា​យុវជន​របស់​យើង​ផងដែរ»

    លោក​បាន​បន្ថែម​ថា៖ ​«​យើង​អាច​នឹង​រក​បានចាប់​ពី​១០​គ្រាប់​ឡើង បើសិនជា​ការ​ប្រកួតនេះ ធ្វើ​នៅ​លើ​ទី​លានល្អជាង​នេះ ប៉ុន្តែដោយ​សារ​បញ្ហា​ទីលាន​មានការ​លំ​បាក​លេង អ៊ីចឹង​ការ​ឈ្នះ​ត្រឹម​ ៦-០ ក៏​យើង​ពេញ​ចិត្តនឹង​ទទួល​យកដែរ»

    សម្រាប់​ការ​ប្រកួត នៅកីឡដ្ឋាន​ខេត្តសៀម​រាប កាល​ពី​ម្សិល​មិញ​នេះ ចាន់ វឌ្ឍនាកា ​ដែល​ទើបចុះ​កុង​ត្រា៣​ឆ្នាំ សម្រាប់ការ​លេង​ឲ្យ​ក្លិបបឹងកេត ជា​ថ្មី បន្ទាប់​ពី​​រូប​គេ​បញ្ចប់​កុង​ត្រា​​ជាមួយ​ក្លិប PKNS របស់ម៉ាឡេស៊ី​នោះ រកបាន​៣គ្រាប់​ជាប់ៗ​គ្នា តែ​ម្នាក់​ឯង គឺ​នៅនាទីទី​៣៥ ទី​៥៣ និង​នាទីទី​៥៧។

    ចំណែក​ខ្សែ​ប្រយុទ្ធ ម៉ុន វ៉ាន់ដា ជា​អ្នក​​រក​បាន​គ្រាប់​បាល់​បើក​ឆាក នៅនាទីទី​៣ ហើ​យ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ ឃួន ឡាបូរ៉ាវី ជា​អ្នក​រក​បាន​គ្រាប់​បាល់​ទី​៥ នៅនាទីទី​៨៦ ហើយ​គ្រាប់បាល់​ទី​៦​ចុង​ក្រោយ សម្រេប​បាន​ដោយ​​ខ្សែ​បម្រើវ័យ​ក្មេង ឱ ភារុណ ​នៅនាទីទី​៩០។ ជ័យ​ជម្នះ​នេះ អាច​បង្ហាញ​បាន​ថា បឹងកេត នឹងបាន​ឆ្លង​ផុត​វគ្គ​ជម្រុះ១៦​ក្រុមនេះ ដោយគ្មាន​បញ្ហា​អ្វី​នោះ​ទេ។

    ផ្ទុយ​ពីនេះ ​ក្រុមអគ្គិសនី​កម្ពុជា ​បាន​កំពុង​នឹង​ប្រឈម​ការ​លំបាក​កាន់​តែ​ខ្លាំង ក្នុងការ​គេច​ឲ្យ​ផុត​ពី​ការ​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​១៦​ក្រុមនេះ ខណៈ​ពួកគេ​បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម​អង្គរថាយហ្គឺរ នៅ​លើ​ទឹកដីខ្លួន​ឯង គឺ​កីឡដ្ឋានអគ្គិសនី​កម្ពុជា សម្រាប់​ការ​ប្រកួត​ជើង​ទី​១ កាល​ពី​ល្ងាច​ម្សិល​មិញ​នោះ​ ព្រោះ​​ការ​​ប្រកួត​កាត់​​សេចក្តី​ជើង​ទី​២ នឹង​ត្រូវ​ធ្វើ​នៅកីឡដ្ឋាន​ខេត្តសៀម​រាបវិញ​ម្តង គឺ​ជា​ទី​លាន ដែល​​ក្រុម​អង្គរថាយហ្គឺរ តែងតែ​​ផ្តល់​ការ​ខក​ចិត្ត​ឲ្យក្រុម​ទៅភ្នំពេញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ