• ទីបំផុត តារា​កំប្លែង​នាយ តាក់ ស៊ី បាន​បួស​ជា​ព្រះសង្ឃ​ក្រោម​គន្លង​សាសនា​ព្រះពុទ្ធ សម​តាម​បំណង​ហើយ

    (ភ្នំពេញ)៖ មួយរយៈមុនមហាជនគ្រប់ស្រទាប់វណ្ណៈ សម្តែងនូវការចាប់អារម្មណ៍ជាខ្លាំង នឹងដំណឹងចង់ទៅបួស ជាព្រះសង្ឃពីសំណាក់ តារាកំប្លែង នាយ តាក់ ស៊ី។ តែយ៉ាងណា នៅតែមានទស្សនិកជនមួយចំនួនធំ ហាក់មិនជឿនោះឡើយថា នាយ តាក់ ស៊ី សម្រេចចិត្តចាកចោលប្រពន្ធកូន ទៅបួសមែននោះ ព្រោះតែកន្លងមកនាយក៏ធ្លាប់និយាយបែបនេះ ម្តងជាពីរដងរួចហើយដែរ។ ខណៈគ្រប់គ្នាកំពុងរងចាំមើល ទីបំផុតនាយ មិនបានកុហក ឬថាឲ្យតែរួចពីមាត់នោះឡើយ គឺនាយបានទៅបួសប្រាកដមែន ដោយក្នុងពិធីបំបួស មានការចូលរួមពីសំណាក់ លោកតា វ៉ិចទ័រ និងក្រុមកំប្លែង ព្រមទាំងក្រុមគ្រួសារផងដែរ។

    ជាក់ស្តែង នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ តារាកំប្លែងនាយ តាក់ ស៊ី បានបំបួសជាសង្ឃពេញលេញ តាមគន្លងសាសនាព្រះពុទ្ធ ក្រោយពីលោកបានចំណាយពេលរៀនសូត្រ ស្វែងយល់ពីព្រះធម៌អស់មួយរយៈធំ។ បើគេនៅចាំមិនភ្លេច មួយរយៈមុន នាយ តាក់ស៊ី ធ្លាប់បានប្រកាសជាសាធារណៈថា ខ្លួននឹងលាឈប់ពីវិស័យ សិល្បៈ ហើយនឹងសម្រេចចិត្ត នៅភ្នំគូលែន ប៉ុន្តែសម្រាប់ពិធីបំបួសពេលនេះ គឺស្រាប់តែធ្វើឡើងនៅក្នុង វត្តដងទង់ ខេត្តកំពង់ស្ពឺ ទៅវិញ។ ដែលនេះ ប្រហែលលោកយល់ព្រមបួសនៅកន្លែងជិតពីក្រុមគ្រួសារ ស្រួលប្រពន្ធកូន ទៅសួរសុខទុក្ខ ព្រោះនាងភីម ដែលជាភរិយា ក៏ធ្លាប់សំណូមពរឲ្យលោកបួសនៅជិតៗ ភ្នំពេញផងដែរ។

    ជាការកត់សម្គាល់ ក្នុងពិធីបំបួស នាយ តាក់ស៊ី ថ្មីៗនេះ គឺមានការចូលរួមពីលោកតា វ៉ិចទ័រ នាយគ្រឿន និងនាង ភីម ដែលជាភរិយា ព្រមទាំងតារាកំប្លែករួមក្រុមជាច្រើននាក់ទៀតផងដែរ។ ក្នុងនោះលោកតា វ៉ិចទ័រ ដែលជាអ្នក ដឹកនាំប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV បានរៀបរាប់លើបណ្តាញសង្គមថា «បងស្តាយព្រោះប្អូនឃ្លាត ឆ្ងាយពីក្រុមកំប្លែង CBS តែបង សូមជូនពរប្អូនបានសំរេចបំណងក្នុងផ្លូវព្រះពុទ្ធសាសនា។ ជាចុងក្រោយបង សូមជូនពរប្អូនមានសុខភាពល្អ ដោយក្តីស្រលាញ់ពីបង និងបងប្អូនរួមក្រុម!»។

    គួរជម្រាបថា ក្រោយទទួលដំណឹងនេះជាផ្លូវការហើយ ទស្សនិកជនដែលធ្លាប់ជាអ្នកគាំទ្រការសម្តែងកំប្លែក របស់ នាយ តាក់ស៊ី កន្លងមក បាននាំគ្នាផ្តាំផ្ញើរនូវសារជូនពរដល់នាយគ្រប់គ្នា ថាសូមឲ្យ តេជគុណ តាក់ស៊ី បានសម្រេចដូចបំណង និងមានទឹកចិត្តជ្រះថ្លារ ក្នុងការដើរលើគន្លងព្រះពុទ្ធសាសនា ជាពិសេសឲ្យតេជគុណ មានសុខភាពល្អផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ