• តោះ! នាំគ្នា​ទៅគាំទ្រ​​ការ​សម្តែង​​ល្ខោន​និយាយ ដែល​និពន្ធ​​ថ្មី​ នៅ​ចុង​សប្តាហ៍នេះ​

    ភ្នំពេញៈ ដោយ​សារ​មាន​គោល​បំណងចង់​លើក​ទឹក​ចិត្ត​អ្នក​និពន្ធ​ជំនាន់​ក្រោយ និង​ផ្សព្វ​ផ្សាយ​ពី​ទម្រង់​ល្ខោន​និយាយ​​​ឲ្យ​មហាជន​គ្រប់​ស្រទាប់​​ កាន់​តែ​ជ្រាប​ច្បាស់​ពី​វិស័យ​សិល្បៈ​មួយ​នេះ​ ​អង្គ​ការ​​សិល្បៈ​ខ្មែរ​អមតៈ​ នឹង​នាំ​យក​​ផ្ទាំង​ទស្សនិយ​ភាព​​​ល្ខោន​និយាយ​រឿង «​ម្នាក់​ឯងជាថ្មី»​ ​ដែល​សម្តែងនៅ​ឯ​ឆាក​នៃ​សារមន្ទីរជាតិ​នៅ​​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​២៣ ខែ​មិថុនា​ ចុង​​សប្តាហ៍​នេះ​​។​​

    លោក គាត​ សុគីម ជា​បុគ្គលិក​ផ្នែកទំនាក់​ទំនង​ព័ត៌មាន​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​បង្ហើប​ឲ្យ​ដឹង​ពី​គោល​​បំណង​​នៃ​ការសម្តែង​ល្ខោន​និយាយ​នេះ​ថា៖ «ដោយ​ចង់ផ្តល់​ឱកាស​ដល់​សិល្ប​ករ​​ជំនាន់​ក្រោយ ជា​ពិសេស​ផ្នែក​និពន្ធ​​តែ​ម្តង​​ឲ្យ​ពួកគាត់​អាច​បង្ហាញ​ពី​សមត្ថ​ភាពនៃ​ការ​តែង​និពន្ធ​ថ្មី សាច់​រឿង​ថ្មី​ប្រភេទ​រឿង​ល្ខោន​និយាយ​ ខណៈ​កន្លង​មក​នោះ​ យើង​តែង​​ជ្រើស​យក​រឿង​ចាស់​មក​សម្តែង​ជា​ល្ខោន​​និយាយ​នោះ​​។​ ដូច្នេះ​ការ​សម្តែង​លើក​នេះ​ ជា​ការ​បង្កើត​ទម្រង់​ថ្មី​ និង​​ជា​ការ​បន្ស៊ាំ​របស់​ក្រុម​​សិល្បករ-ការិនី​ផ្នែក​ល្ខោន​​និយាយ​ សម្រាប់​ការ​ត្រៀម​ខ្លួន​សម្តែង​ជា​ផ្លូវ​ការ​នា​ឱកាស​ប្រារព្ធ​កម្ម​វិធី​ធំ​គឺ​មហោស្រព​​សិល្បៈ​ដើម្បី​សន្តិភាព​ នា​ពេល​ខាង​មុខ​នោះ​ផង​ដែរ​។ ចំណែក​គោល​បំណង​មួយ​ទៀត ចង់​ផ្សព្វ​ផ្សាយ​ដល់​មហា​ជន​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ពី​ទម្រង់​សិល្បៈ​នេះ​ឲ្យ​កាន់​តែ​ច្បាស់​ ដោយ​សារ​​កន្លង​មក​​ច្រើ​ន​តែ​លើក​ឡើង​​ថា ជា​ទម្រង់សិល្បៈ​ស្តែង​​តាម​វិទ្យុ​នោះ និង​ចង់​ឲ្យ​បងប្អូន​គាំ​ទ្រ​ផង​​ដែរ​»​។

    លោក​ គាត សុគីម បន្ត​ទៀត​ថា៖ «​ទម្រង់​​ល្ខោន​និយាយ​ សម្រាប់​ត្រៀម​ក្នុង​មហោស្រព​ធំ​ខាង​មុខ​នោះ យើង​មាន​ការ​និពន្ធ​ល្ខោន​រឿង​ថ្មី​ចំនួន​ ៣ រឿង​ ដែល​នឹង​យក​មក​សម្តែងចែក​ជូន​មហា​ជន​​ទស្សនា​ជា​បន្ត​បន្ទាប់​ផង​ដែរ ខណៈ​រឿង​ទី​១​គឺ​រឿង«ម្នាក់​ឯង​ជា​ថ្មី» ត្រូវ​សម្តែង​នៅ​ថ្ងៃ​អាទិត្យ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ នៅ​ម៉ោង៤-៥ល្ងាច នៅឯ​ឆាក​សម្ដែង​សិល្បៈខ្មែរ​អមតៈក្នុង​​បរិវេណ​សារមន្ទីរជាតិ។ ចំពោះ​ការ​សម្តែង​បន្ទាប់​គឺ​រឿង ​«គ្រូ​ទាយ»​ ដែល​នឹង​សម្តែង​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​ ៣.៣០ នាទី​ ដល់​ម៉ោង ៤.៣០ នាទី​រសៀល​។ ចំណែក​រឿង​ទី៣​ មាន​ចំណងជើង​ថា «ចាប៉ី» ដែល​នឹង​សម្តែង​​​​នៅ​​ចុង​ក្រោយ​គេ ​នា​​ពេល​ឆាប់ៗ​នៅ​លើ​ឆាក​​សម្តែង​​ដដែល»។​

    ចំពោះ​​ល្ខោន​និយាយ​រឿង​«ម្នាក់​ឯង​ជាថ្មី» ជា​ស្នាដៃ​និពន្ធដោយ​អ្នកគ្រូ ឆុន ស៊ី​ណា​ និង​​ដឹក​នាំ​សម្ដែង​ដោយ​អ្នកគ្រូ ឆុន ស៊ីណានិង​ អ្នក​គ្រូ ប៉ុក វណ្ណា ហើយ​​នាំមក​ជូន​ដោយ​អង្គ​ការ​សិល្បៈ​ខ្មែរ​អមតៈ។

    ​លោក គាត សុគីម ក៏​បាន​បង្ហើប​ពី​សាច់​រឿង​«ម្នាក់​ឯង​ជាថ្មី» ផង​ដែរ​ថា៖ «សាច់​រឿង​ពី​​នារីម្នាក់​ដែល​មាន​ជីវិតអាពាហ៍ពិពាហ៍​មិនសម​ដូចបំណង​ ហើយ​ធ្វើការសម្រេច​ចិត្ត​ដ៏លំបាក​ក្នុង​ជីវិត​​របស់​នាង​។ ចំពោះ​តួ​អង្គ​សម្តែង​វិញ​មាន ​៥ ​រូប​​គឺ​​តួ​​សម្តែង​សំខាន់ ឬ​តួឯក​ មាន​ ៣ ​រូប និង​​តួ​​រង​​មាន​ ២​ ​រូប​»។​

    សូម​កុំភ្លេច​មក​ចូល​រួម​ទាំងអស់គ្នាណា! ល្ខោននិយាយ​​តម្លើង និង​និពន្ធថ្មី នៅ​ថ្ងៃ​អាទិត្យទី២៣ មិថុនា ២០១៩ ម៉ោង ៤-៥ល្ងាច នៅឆាកសម្ដែងសិល្បៈខ្មែរអមតៈនៃ​សារមន្ទីរជាតិ នឹង​មាន​ការ​សម្ដែង​ល្ខោន​និយាយរឿង «ម្នាក់ឯងជាថ្មី»។ ​សំបុត្រ​ចូល​ទស្សនា​ឥតគិតថ្លៃ ឬអាច​ទាក់ទង​លេខ​ 086 895 556 / 023 986 032 ខណៈ​កន្លែង​​មានកំ​ណត់៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ