កញ្ញា សាឡាត់ ស្រីឡាង ហាក់​មក​សកម្ម​នឹង​ការងារ​ជួយ​សង្គមធម៌​​ក្រោយ​ពី​ផ្ទុះ​រឿង​អាស្រូវ​ស្នេហា

ភ្នំពេញៈ តារា​សម្តែង​ស្រី​​រាង​ខ្ពស់​ស្រឡះ​កញ្ញា សាឡាត់​ ស្រីឡាង​ ហាក់​​​ស្ងាត់​ទីផ្សារ​ថត​កុន​រួម​ទាំង​ការ​ងារ​​ក្នុង​រង្វង់​សិល្បៈ​មួយ​ចំនួន​​ ក្រោយ​​​ពីផ្ទុះ​​រឿង​អាស្រូវ​ស្នេហា​​ថា មាន​ទំនាក់​ទំនង​​​​នឹង​​ម្ចាស់​​ផលិត​កម្ម​ LD Picture តែ​​នាង​បែរ​ជា​មក​ចាប់​​ការងារជួយ​​​​​សង្គម​​​ច្រើន​ដូចជា​ការ​យក​​​​សម្ភារៈ​សិក្សា ចែក​​ដល់​សិស្ស​ក្រី​ក្រ​​នៅ​តាម​តំបន់​ដាច់​ស្រ​យាល​ ជួយ​​កុមារ​រង​គ្រោ និង​​ជន​​ពិការ​ ខណៈ​​ថ្មីៗ​នេះ​ឃើញ​នាង​​ប្រ​កាស​លក់​​សៀវ​ភៅ​យក​ថវិកា​ទៅ​ផ្គត់​ផ្គង់​ការ​​​ដាំ​កូន​ឈើទៀត​ផ​ង​​។​

តា​រា​​ស្រី​​សម្បូរ​ស្រអែម វ័យ​ទើប​តែ​ ២៤​ ឆ្នាំ​​ កញ្ញា សាឡាត់​ ស្រីឡាង​ ប្រាប់​​ថា​៖​ «​ទាក់​ទង​នឹង​​ការងារ​ជួយ​សង្គម​នេះ ​ខ្ញុំ​បាន​ចាប់​ផ្តើមធ្វើ​​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ ​​ដោយ​ចូល​រួម​ជាមួយ​​​បង​ តាន់ គឹម​សួរ​​ ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ ហើយ​​ក្រុមនោះ​ឈ្មោះ​​ថា ​«​អ្នក​ប្រយុទ្ធ​បៃតង​»​ គឺ​យើង​បាន​ជួយ​​ស្ត្រី​ និង​កុមារ​​​​​រង​គ្រោះ​​ពី​អំពី​ហិង្សា​​នា​នា​ និង​ជន​ពិការ​​មិន​មាន​ការងារ​ធ្វើ​»​។​

តា​រា​សម្តែង​ស្រី​ ដែល​ចាប់​ផ្តើម​មាន​ការ​គាំ​ទ្រ​តាំង​ពី​សម្តែង​កុន​ខ្នាត​ធំ​​​ដំបូង​រឿង «​ខ្មោច​អា​សង្ហា»​ និង​កុន​​ភាគ​ជា​ច្រើន​ទៀតដូច​ជារឿង ​«​មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា» រឿង«ទីបញ្ចប់​នៃ​ស្នេហ៍​» ជា​ដើម​នោះ​ ហាក់​ដូចជា​ស្ងប់​ស្ងាត់​ទី​ផ្សារ​ថត​កុន​វិញ​ ខណៈ​​ម​ហា​ជន​​​គិត​ថា ប្រហែល​ជា​មក​ពីនាង​ ​មាន​រឿង​អាស្រូវ​ស្នេហា​តី​កោណ​ ជា​មួយ​ម្ចាស់​ផលិត​កម្ម ​LD Picture នោះ​​ហើយ។​​​ ប៉ុន្តែ​តា​រា​ស្រី​រូប​នេះ ​បាន​អះ​អាង​ថា​៖​ «​ព្រោះ​ជាប់​រវល់​ធ្វើ​កិច្ច​ការ​សង្គម​ ទើប​មិន​មាន​ពេល​វេលាសម្រាប់​​​ការងារ​សិល្បៈ​»។ តារា​ស្រីមាន​​ថ្ពាល់​ខួច ​ញញឹម​ស្រស់​ រាង​ខ្ពស់ កញ្ញា ស្រីឡាង​ បាន​បន្ថែម​ពី​ការ​ដាំកូន​ឈើ​ទៀតដែរ​​ថា​៖​«​​ក្រុម​អ្នក​ប្រយុទ្ធ​បៃ​តង​ ​របស់​យើង​ កំពុង​តែ​មាន​គម្រោង​ដាំ​កូន​ឈើ​ចំនួន​ ១០​ ម៉ឺន​ ដើម​ នៅទី​តាំង​​​​ ១០​ ខេត្ត​ ដោយ​​មួយ​ខេត្ត​ ត្រូវ​ដាំចំនួន ​១ ម៉ឺន ​ដើម។​​ ប៉ុន្តែ​គោល​ដៅ ​ដែលពួក​ខ្ញុំ​ ត្រូវ​ដាំ​ដំបូង​គេ​​នោះ ​​គឺ​​នៅ​ឯ​ភ្នំ​ឱរ៉ាល់​ ដែល​នឹង​​ដាំ​នៅ​​ថ្ងៃ​ទី​៣​ ខែ​​សីហា​ ឆ្នាំ​នេះ ហើយ​ក៏​មាន​ក្រុម​តារាសិល្បៈ​​ជា​ច្រើប​​រូប​​ទៅ​​ចូល​រួម​ផង​ដែរ។ ចំណែក​ឯ ​ដី​សម្រាប់​ដាំ​គឺ​សុំ​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​ហើយ​ តែ​ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ ​ថា​ជា​ក្រសួង​​​ណាទេ​ បង ​គឹម​សួរ ​ទើបបាន​​គាត់​ដឹង​ច្បាស់​​»​។

ចំពោះ​ថវិ​កា​​ចំណាយ​​លើ​ការ​ដាំ​កូន​ឈើ​ទាំង​នេះ ​កញ្ញា សាឡាត់​ ស្រីឡាង​ ក៏​បាន​បញ្ជាក់​ទៀត​ថា៖​«​បាន​​ជំនួយ​​ពី​សប្បុរស​ជន​មួយ​ចំនួន​ និង​បាន​ពី​ការ​លក់​សៀវ​ភៅ ​ដែល​បាន​​​ឧបត្ថម្ភ​ពី​បង​ស្រី​ ម៉ីសាន​ សុធារី និង​​បង​ ធីតា​ នៅ​ខាង​ទូរទស្សន៍​ភីអិនអិន ចំនួន ​២០០​ ក្បាល ​ដែល​មួយ​ក្បាល​តម្លៃ ​២៥០០៛​ ដែល​ក្នុង​នោះ​មាន​សៀវភៅមានចំណងជើង​ថា «​ពេល​វេលា» រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» និង​រឿង «អាគមបរព្រៃ» ប៉ុន្តែ​ខាង​យើង​ក៏​នៅ​ខ្វះ​ថវិកា​ច្រើន​ណាស់​ សម្រាប់​ការ​មើល​ថែរ​ក្សា​កូន​ឈើ​​រហូត​ដល់​ ​៥​ ឆ្នាំ​។​ អ៊ីចឹង​ហើយ ​យើង​​ត្រូវ​ព្យាយាម​រក​ជំនួយ​បន្ថែម​ទៀត​»។ តា​រា​ស្រី​ ស្រាប់​តែ​មាន​ទំនោរ​មក​ធ្វើ​​ការ​ងារ​សង្គម​រូប​​នេះ​ ក៏​បញ្ជាក់​ពី​ការ​ងារ​​សិល្បៈ​ដែរ​ថា​៖ «​ការ​ងារ​​សិល្បៈ​គឺ​ខ្ញុំ​រវល់​ខ្លាំង​​​ថត​ស្ប៉តពាណិជ្ជកម្ម​ តែ​​ត្រូវ​មើល​ដែរ​ថា​ ព្រោះ​មិន​ចង់​ឲ្យ​ប៉ះ​ពាល់​ការងារ​ជួយ​សង្គម​ទេ។​​ តាម​ពិត​​​ការ​ងារ​ទាំង​២​នេះស្រឡាញ់​​ដូច​គ្នា ប៉ុន្តែ​ចង់​ជួយ​ប្រជា​​ជន​​យើង​​ច្រើន​ជាង​។ ឯ​ការ​ថត​ MV វិញ​នៅ​ទទួល​ធម្មតា​​ ខណៈ​​កុន​ថ្មី​ខ្ញុំ​ក៏​កំពុង​តែ​ចចារ​នឹង​ផលិតកម្ម ​មិន​​ដឹងថា ​បាន​ ឬ​អត់​​ទេ​»៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ