គ្រប់គ្នាធ្លាប់ល្បី និងស្គាល់តែទុរេន ខេត្តកំពតប៉ុណ្ណោះ ដែលមានរស់ជាតិឆ្ងាញ់ ប៉ុន្តែរយៈពេលចុងក្រោយនេះរសជាតិទុរេននៅខេត្តបាត់ដំបង ក៏មានរសជាតិឆ្ងាញ់ដែរ។ ស្រុកសំឡូតជាស្រុកមួយ ក្នុងចំណោមក្រុងស្រុក ទាំង១៤ របស់ខេត្តបាត់ដំបង ដោយទីតាំងនេះ គឺជាតំបន់អតីតសមរភូមិដ៏ក្ដៅរវាងកងទ័ពរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម ដែលផ្ទៃដីជាច្រើនហិចតា ពោរពេញទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយភូមិសាស្ត្រនេះ ក៏ត្រូវបានសមាហរណកម្ម ក្រោយគេផងដែរ។
សណ្ឋានដីស្រុកសំឡូត មានជីវជាតិល្អ បើធៀបនឹងដីនៅតាមតំបន់ផ្សេងទៀត ក្នុងខេត្តបាត់ដំបង។ ដោយមិនអាចចាកចេញពីភូមិករបស់ខ្លួន និងមានកងកម្លាំងស៊ីម៉ាក់ និងអង្គការបោសសំអាតមីនមួយចំនួន មកដោះមីនជាបន្តបន្ទាប់ ទើបធ្វើឲ្យពលរដ្ឋ ក្នុងស្រុកដ៏ដាច់ស្រយាលមួយនេះ បានពុះពារនាំគ្នាដាំដំណាំយ៉ាងសម្បូរបែប ពិសេស គឺដំណាំទុរេន ដែលមានរស់ជាតិឆ្ងាញ់ មានភាពល្បីល្បាញ ក្នុងប្រទេស ពេលបរិភោគទៅមានការជាប់ចិត្ត ហើយចង់បរិភោគម្ដងទៀត មិនចាញ់ទុរេនខេត្តកំពត ប៉ុន្មាននោះទេ ។ សម្រាប់ប្រភេទទុរេន ដែលពលរដ្ឋនៅស្រុកសំឡូតដាំ មានប្រភេទ ឈុនលី ម៉ានថង់ ទុរេន ដូនតា ភូមិលីជាដើម ។
បើតាមការឲ្យដឹងពី លោក សូត្រ សុផាត រស់នៅភូមិកណ្ដាល ឃុំស៊ុង ស្រុកសំឡូត បានដំណាលថា និយាយពីដំណាំទុរេននៅ ក្នុងស្រុកសំឡូត គឺត្រូវបានដាំតាំងពីមុនសម័យខ្មែរក្រហមមកម្ល៉េះ ដែលពេលនោះភាគច្រើនដាំ នៅក្នុងទឹកដីសំឡូតចាស់ ហើយក្រោយមកក៏មានពលរដ្ឋនៅក្នុងទឹកដីសំឡូតថ្មី ចាប់ផ្ដើមដាំជាបន្តបន្ទាប់ ។
កសិកររូបនេះបន្ថែមថា គាត់បានដាំទុរេនជាច្រើនឆ្នាំមកហើយ ប៉ុន្តែដាំឲ្យគេ ដោយចាប់ផ្ដើមដាំខ្លួនឯងទើបបានជាង ១០ឆ្នាំ ដោយការដាំនេះ មិនមានរៀនអ្វី ពីអ្នកជំនាញច្បាស់លាស់នោះទេ រៀនតាមសៀវភៅកសិករ មានអង្គការមួយប្រគល់ឲ្យ ដែលប្រាប់ពីរបៀបដាំទុរេន ហើយការអនុវត្តតាមសៀវភៅនោះ ក៏បានទទួលផលជាបណ្ដើរៗ និងបន្តបន្ទាប់រហូតមក។
ចំណែកកសិករម្នាក់ទៀតឈ្មោះ ហួត សុខុម បានឲ្យដឹងថា គាត់បានដាំទុរេនជិត ៨ឆ្នាំមកហើយ នៅលើផ្ទៃជិត៤រ៉ៃ ស្មើនឹងទុរេន ជាង ១៤០ដើម ហើយទុរេនរបស់លោកបានឲ្យផលចំនួន៣ឆ្នាំ ដោយឆ្នាំនេះទុរេន ឲ្យផលច្រើនជាងរាល់ឆ្នាំ គឺមានទិន្នផលប្រមាណជាង៣តោន ហើយក៏លក់បានតម្លៃខ្ពស់ជាងរាល់ឆ្នាំ គឺមួយគីឡូក្រាមតម្លៃចាប់ពី ១៥ ០០០រៀលទៅ ១៦ ០០០រៀល ខណៈឆ្នាំមុន ក្នុងមួយគីឡូក្រាម កាត់ដល់ចម្ការដូចគ្នា ត្រឹមតែ ១២ ០០០រៀល ហើយសម្រាប់ចម្ការខ្លះ ដែលមានដើមធំៗ និងអាយុកាលយូរ មានផ្លែច្រើន ដោយក្នុងមួយដើមអាចលក់បានប្រាក់ដល់ជាង ១ពាន់ដុល្លារក៏មាន។
លោកបានបន្ថែមទៀតថា សម្រាប់ទីផ្សារទុរេន របស់គាត់ មានឈ្មួញកណ្ដាលមកទិញ មានមកពីរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងខេត្តសៀមរាប មានចំនួនប៉ុន្មាន គឺត្រូវពួកគេទិញយកអស់ៗ មិនមានសល់នោះទេ ដែលពេលឈ្មួញទិញទៅលក់បន្ត មានអ្នកត្រូវការច្រើន ហើយអាចលក់បានតម្លៃ ២ ២០០០រៀល និង ២៥ ០០០រៀល ឬលើសនឹងក៏មាន។
លោក ហួត សុខុម បានឱ្យដឹងទៀតថា ដោយមើលឃើញពីទីផ្សារល្អរបស់ទុរេននេះ លោកបានបង្កើនការដាំបន្ថែមទៀត លើផ្ទៃដីជាង៥ហិកតា ស្មើនឹងដើមទុរេនជាង ១ ០០០ដើម ហើយក៏មានដាំសាវម៉ាវផងដែរ ។ ក្រុមកសិករដាំទុរេន បានអំពាវនាវដល់មន្ត្រីជំនាញ ជួយរកវិធីសាស្ត្របង្ការជំងឺរបស់ទុរេនរបស់ពួកគាត់ផង នៅពេលជួបបញ្ហា ដែលពួកគាត់មិនអាចរកថ្នាំព្យាបាលបាន បើសិនវាងាប់ដើម គឺមានការស្ដាយ ព្រោះដំណាំទុរេនពិបាកថែទាំទម្រាំធំល្អ ហើយក៏ស្នើឲ្យមានការស្ដារប្រឡាយ នៅតំបន់ដាំទុរេននេះ ព្រោះថា បច្ចុប្បន្ន អូរដែលយកទឹកមកប្រើប្រាស់សម្រាប់ស្រោចស្រពទុរេនកំពុងរាក់ អាចពេលមានអ្នកដាំកាន់តែច្រើន និងខ្វះទឹកប្រើជាមិនខាន ។
អ្នកទេសចរជាច្រើន ដែលបានទៅលេងក្នុងចម្ការទុរេន នៅស្រុកសំឡូត ហើយបានភ្លក់ផ្លែទុរេននៅសំឡូត បានលើកឡើងថា ទុរេនសំឡូតមានរស់ជាតិឆ្ងាញ់ បើធៀបនឹងរស់ជាតិទុរេនដាំនៅកន្លែងផ្សេង ដែលគាត់ធ្លាប់បានបរិភោគ ព្រោះថាទុរេនសំឡូតមានរស់ជាតិផ្អែមខ្ទិះប្លែក ហើយពួកគាត់ជំរុញដល់កសិករ នៅស្រុកសំឡូតបន្តដាំទុរេនទៀត ព្រោះស្ថានភាពដីល្អ សាកសមនឹងដំណាំប្រភេទនេះ។
ស្រុកសំឡូតជាតំបន់ខ្ពង់រាប មិនសូវមានអ្នកធ្វើស្រែនោះទេ ដោយភាគច្រើនធ្វើចម្ការ ហើយពលរដ្ឋក្នុងស្រុកមួយនេះ បានដាំដំណាំទុរេនប្រមាណជិត ១ ០០០ហិចតា ក្រៅពីនេះមាន ម្រេច ចេក អំពៅ ម្នាស់ កៅស៊ូ ស្វាយ សាវម៉ៅ មៀន តាង៉ែន មង្ឃុត ល្មុត ក្រូច ស្វាយ ចន្ទី ពោត ដំឡូងមី ល្ង សណ្ដែកបាយ សណ្ដែកដី និងបន្លែជាច្រើនប្រភេទទៀត ហើយការដាំដំណាំទាំងអស់នេះ ក៏បានធ្វើឲ្យជីវភាព អ្នកនៅតំបន់នោះមានភាពធូរធារទៀតផង៕
ប្រភព៖ Sabay