ភ្នំពេញៈ ថ្មីៗនេះតារាចម្រៀងខ្មែរ ដែលបានទៅរស់នៅលើទឹកដីអាមេរិក ប្រមាណ ២០ ឆ្នាំ និងមានតំណែងជាមន្ត្រីសង្គមកិច្ចក្នុងរដ្ឋខេនសាស អ្នកនាង ស៊ុន ស៊ីដាវីន ប្រិយមិត្តខ្មែរធ្លាប់ស្គាល់តាមរយៈចម្រៀងជាមួយបុរសអាមេរិក ច្រៀងខ្មែរលោក ឆាដ ឃើរប៊ី ក្នុងចម្រៀងលំនាំដើម «ឆ្នាំមុន» នោះ ស្រាប់តែមានវត្តមាននៅស្រុកខ្មែរវិញ តាមការសន្យាថានឹងមកចូលរួមជួយសង្គមជាតិតាមជំនាញ។
អ្នកនាង ស៊ុន ស៊ីដាវីន តារាចម្រៀងខ្មែរមានប្រជាប្រិយភាពនៅឯនាយសមុទ្រ ជាស្រ្តីខ្មែរមានកំណើតនៅស្រុកកំពង់បាយ ខេត្តកំពត បានទៅរស់នៅលើទឹកដីទីក្រុងវិឈីតា រដ្ឋខេនសាស សហរដ្ឋអាមេរិក ជាមួយអ្នកម្តាយជាទីស្រឡាញ់ និងក្រុមគ្រួសារអស់ពេលប្រហែល ២០ ឆ្នាំ មកហើយ និងមានកូនប្រុសឈ្មោះ សាយរឺស ម៉ាសៀស ស៊ុន (Cyrus Macias Sun) វ័យ ១០ ឆ្នាំ ជាចំណងស្នេហ៍ជាង ១០ ឆ្នាំនឹងស្វាមីអាមេរិកលោក ដានីញ៉ែល ម៉ាសៀស (Daniel Macias) ជាមេធាវីក្រុមហ៊ុនឯកជន។
ខណៈពេលនេះតារាស្រីសម្បុរស្រអែម ស្រស់សោភា ជាដៃគូឆ្លើយឆ្លងដ៏ស៊ីចង្វាក់នឹងលោក ឆាដ ឃើរប៊ី ក្នុងបទលំនាំដើម «ឆ្នាំមុន»នោះ កំពុងតែរៀបចំការរស់នៅសាជាថ្មីឡើងវិញ នៅទឹកដីស្រុកកំណើតខ្លួននៅឯក្រុងកំពត ខេត្តកំពត ជាមួយកូនប្រុស និងស្វាមី ហើយក៏អាចទទួលការងារសិល្បៈ ដែលជាចំណូលចិត្តបន្ទាប់តាមពេលទំនេរបណ្តើរៗបាន មុនការងារស្នូលតាមជំនាញផ្នែកសង្គមកិច្ច។
អ្នកនាង ស៊ុន ស៊ីដាវីន ក៏បានបញ្ជាក់ប្រាប់ថា៖ «ការងារតាមជំនាញដែលបានរៀនចប់នោះ នាងខ្ញុំនៅពុំទាន់បានធ្វើនៅឡើយទេ ដោយសារតែខ្ញុំទើបតែមកដល់ស្រុកខ្មែរ ហើយត្រូវការពេលសមរម្យមួយ ក្នុងការរៀបចំសង្គមគ្រួសារឲ្យបានស្រួលបួលសិន គឺថាខ្ញុំត្រូវសង់ផ្ទះនៅស្រុកកំណើត ក្បែរក្រុងកំពត និងរកសាលាឲ្យកូនរៀនជាដើម»។
តែតារាចម្រៀងស្រីទើបតែនិពន្ធបទចម្រៀងថ្មីប្រភេទអូរីជីណលគឺបទ «មួយនាទីក៏ជានិស្ស័យ» បានបង្ហោះតាមយូធូប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកឲ្យដឹងពីឱកាសអាចចូលរួមក្នុងវិស័យសិល្បៈចម្រៀង ដែលជាចំណូលចិត្តខ្លួនដែរនោះ បន្តថា៖ «តែសម្រាប់សិល្បៈវិញ នាងខ្ញុំទទួលបានតាមពេលវេលាទំនេររបស់ខ្ញុំ ដែលអាចទៅបានដែរដូចជាមិនចោទជាបញ្ហាទេ ប្រការសំខាន់នោះប្រសិនមានគេទំនាក់ទំនងមកខ្ញុំ ហើយចំពេលខ្ញុំទំនេរគឺខ្ញុំនឹងទៅចូលរួម»។
សម្រាប់វិស័យចម្រៀង អ្នកនាង ស៊ុន ស៊ីដាវីន ចូលចិត្តច្រៀងបទពីសម័យដើមដូចជាបទរបស់អ្នកស្រី រស់ សេរីសុទ្ធា ពៅ វណ្ណារី ហួយ មាស និង លោក ស៊ិន ស៊ីសាមុត ជាដើម រីឯចម្រៀងសម័យវិញ ចូលចិត្តបទរបស់កញ្ញា មាស សុខសោភា និងបទខ្មែរសុរិន្ទរបស់អ្នកនាង ចេន សាយចៃ និងលោក សុង សែង ខណៈបទបរទេសមានបទចង្វាក់ខាន់ទ្រីរបស់តារាចម្រៀង Carrie Underwood និងតារាចម្រៀងខ្មែរអាមេរិកលោក Jay Chan ផងដែរ៕