• ឥណ្ឌាត្រៀមខ្លួនក្លាយជា «ប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើលោក» ក្នុងពេលតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ

    (វ៉ាស៊ីនតោន)៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ (UN) បានព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកនៅឆ្នាំ២០២៧ ខណៈប្រជាជននៅលើពិភពលោកទាំងមូលនឹងកើនដល់ ៩.៧ពាន់លាននាក់នៅឆ្នាំ២០៥០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។

    មហាយក្សចិន និងឥណ្ឌាមានប្រជាជនសរុបស្មើនឹង ៣៧ភាគរយ នៃអត្រាប្រជាជនពិភពលោក​ដែលបច្ចុប្បន្នមានចំនួន ៧.៧ពាន់លាននាក់ ក្នុងនោះចិនមានជាង ១.៤ពាន់លាននាក់ ឯឥណ្ឌាមានជាង ១.៣ពាន់លាននាក់ (តួលេខឆ្នាំ២០១៨)។ ប៉ុន្តែបើតាមរបាយការណ៍ មានចំណងជើងថា ទស្សនវិស័យប្រជាជនពិភពលោកឆ្នាំ២០១៩ របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅក្នុងសប្ដាហ៍នេះតែម្តង នៅត្រឹមឆ្នាំ២០២៧ ឥណ្ឌានឹងយកឈ្នះចិន ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក។

    លើសពីនេះទៅទៀត នៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០៥០ ប្រជាជននៅក្នុងប្រទេស ឬតំបន់ចំនួន ៥៥ នឹងមានការធ្លាក់ចុះយ៉ាងតិចណាស់ ១ភាគរយ ដោយសារតែកម្រិតជីវភាពទាប និងការកើនឡើងនៃការធ្វើចំណាកស្រុកជាដើម។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ប្រជាជនចិននឹងធ្លាក់ចុះ ២.២ភាគរយ ហើយដែលនេះនឹងអាចធ្វើឱ្យប្រជាជនចិនធ្លាក់មកនៅត្រឹម ១.១ពាន់លាននាក់ ខណៈឥណ្ឌានឹងកើនឡើងដល់ ១.៥ពាន់លាននាក់ទៅវិញ។

    គួរបញ្ជាក់ថា តាមរបាយការណ៍អំពីទស្សនវិស័យប្រជាជនពិភពលោកឆ្នាំ២០១៩ របស់អង្គការសហប្រជាជាតិ ទោះបីតំបន់ឬប្រទេសខ្លះមានចំនួនប្រជាជនធ្លាក់ចុះក៏ដោយ ប៉ុន្តែប្រជាជនពិភពលោកទាំងមូល ដែលបច្ចុប្បន្នមានចំនួន ៧.៧ពាន់លាននាក់ អាចនឹងកើនដល់ ៩.៧ពាន់លាននាក់នៅឆ្នាំ២០៥០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ